ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងកើតជាអគ្គិភ័យមួយឆេះផ្ទះពលរដ្ឋ១ខ្នងនៅ ស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋមួយខ្នងនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានភ្លើងឆេះទាំងយប់ គ្មានសល់ ខណៈកំពុងដេកលង់លក់ស្រួលក្នុងផ្ទះទាំងអស់គ្នា ដោយមិនដឹងខ្លួន ស្រាប់តែភ្ញាក់ឡើងរត់ជាន់ជើងគ្នា សំណាងល្អ គ្មានអ្នករបួស ឬ ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២ និង០០នាទីយប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិរុន ខាងត្បូង ឃុំដានរុនស្រុកសូទ្រនិគមខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១ និង៤៤នាទីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨នេះថា ក្រោយពីទទួលបានព័ត៌ភ្លាម លោកបានឱ្យកម្លាំងនគរបាលជំនាញបង្ការពន្លត់អគ្គិភ័យស្រុកសូទ្រនិគមបានចេញទៅជួយអន្តរាគមន៍សង្គ្រោះផងដែរ តែដោយកន្លែងកើតហេតុមានចម្ងាយឆ្ងាយពីទីរួមស្រុក ទើបបណ្តាលឱ្យឆេះអស់ប្រមាណ៧០ភាគរយ ទើបជួយសង្គ្រោះបានទាន់ពេលវេលា ដោយពុំមានមនុស្សរងរបួស អ្វីឡើយ គ្រាន់តែអស់ទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។

លោកបានបន្តថា ករណី​អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង នោះ ដែលមានម្ចាស់ផ្ទះឈ្មោះ ផយ សុផល ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ហើយមានសមាជិក ក្នុងក្រួសារចំនួន ០៤នាក់ កំពុងដេកលក់ទាល់តែភ្លើងឆេះសន្ធោសន្ធៅ ទើបនាំគ្នារត់ចេញយករួចខ្លួន និងឱ្យអ្នកជិតខាង ជួយរាយការណ៍មកសម្ថកិច្ចភ្លាមៗ ។ ក្នុងករណីនេះបណ្តាលឱ្យខូចខាត៖ផ្ទះថ្មលាយឈើសង់ផ្ទាល់ដី ដំបូលសង្ក័សីទំហំ៦មx១២ម ខូចខាត៧០% លុយដុល្លា៦៤៥$ លុយរៀល៦០ម៉ឺន លុយបាត៦០០០បាត ម៉ាស៊ីនបោកខោអាវ ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតតែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ ។ មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង ។

លោកបានបញ្ជាក់ផងដែរថា ក្នុងករណីអគ្គិភ័យឆេះនោះ កម្លាំងយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត ទើបរលត់ទាំងស្រុងនៅម៉ោង២២ និង៣០នាទីយប់ថ្ងៃដដែល ៕ ប៊ុនរិទ្ធី