ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងក្លាយជាផេះត្រឹមមួយពព្រិចភ្នែកនៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖ មួយពព្រិចភ្នែកផ្ទះមួយខ្នងបានឆេះខ្ទេចខ្ទីក្លាយជាផេះ ខណៈម្ចាស់ផ្ទះចាក់សោចោល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុក អង្គរជុំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកម៉ាន់ សុខាត់ អធិការនគរបាល ស្រុកអង្គរជុំ បានឲ្យដឹងថា ផ្ទះមួយខ្នងធ្វើអំពីឈើ ជញ្ជាំងក្ដារ ប្រក់ក្បឿង ទំហំ ០៧ម៉ែត្រគុណ៩ម៉ែត្រ និងសម្ភារប្រើប្រាស់ ក្នុងផ្ទះបានរងការឆេះខូចខាតអស់ទាំងស្រុង ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ដោយសារ(ទុស្សេខ្សែភ្លើង) ខណៈម្ចាស់ផ្ទះ ចាក់សោ ទុកចោលរួចចេញខេត្តសៀមរាប ។ ម្ចាស់ផ្ទះឈ្មោះ ណាប់ ផន អាយុ៣៨ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ ចាន់ ណារិន អាយុ៣៤ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។

ក្នុងហេតុការណ៍នេះគឺ សមត្ថកិច្ច មិនអាចជួយពន្លត់ទាន់នោះទេ ដោយសារផ្លូវចូលតូចពេក ទើបបណ្តាលឲ្យឆេះអស់ទាំងតែម្តង តែសំណាងមិនឆេះរាលដាល ទៅផ្ទះអ្នកដទៃ និងមិនមាននរណាម្នាក់ រងរបួស ឬបាត់បង់អាយុជីវិតនោះទេ៕ ប៊ុន​រិទ្ធី