ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ទូកដឹកក្រួស១គ្រឿងលិចក្នុងទន្លេមេគង្គបាត់បង់ទ្រព្យសម្បិត្តទាំងអស់

ខេត្តក្រចេះ ៖ ទូកដឹកក្រួសមួយគ្រឿងលិចចូលក្នុងទន្លេមេគង្គបណ្ដាលឲ្យបាត់ បង់ទ្រព្យសម្បិត្តទាំងអស់ ចំណែកមនុស្សបានហែលទឹករួចផុតពីសេចក្តីស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅភូមិ ក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ។

លោក ស្រី ចន្ថា អាយុ៣៩ឆ្នាំ ម្ចាស់ទូក រស់នៅឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាមបានឲ្យដឹងថា គាត់ចេញទូកដឹកក្រួសមកពីចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះរួមដំណើរជាមួយក្មួយប្រុសចំនួន៣នាក់ទៀត។ ពេលធ្វើ ដំណើរដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែទូករលត់ម៉ាស៊ីនហើយប៉ះជាមួយនិងសាឡង់បូមខ្សាច់ក៏បានលិចតែម្ដងទៅ ហើយទ្រព្យសម្បត្តិនៅលើទូកត្រូវបាន បាត់បង់ទាំងអស់គឺសល់តែជីវិតប៉ុណ្ណោះ។

ស្រ្តីរូបនេះបានបន្តថា លុយកាក់ដែលបាត់បង់ក្នុងការលិចទូកនោះមិនមានច្រើន ប៉ុន្មានទេ ព្រោះគាត់បានទិញក្រួសនិងទិញចំនៀរឈើដាក់ក្នុងទូករួចអស់ហើយក៏ លិចបាត់អស់តែម្ដងទៅ ។

ក្រោយពេលកើតហេតុពួកគាត់បាន ដើរកាត់មុខផ្ទះលោកចៅសង្កាត់ក្រគរ ដោយខ្លួនគ្មានអាវពាក់ និងជើងទទេខ្លួន ទទឹកជោក ហើយលោក តោ ចាន់ណា ចៅ សង្កាត់បានហៅសួរនាំ។ ក្រោយយពីដឹងហេតុការណ៍លោកចៅសង្កាត់បានទិញ អាវឧបត្ថម្ភចំនួន៤អាវ ស្បែកជើង៤គូ និងថវិកា៥០.០០០រៀលដើម្បីធ្វើដំណើរទៅស្រុកកំណើតវិញ ៕ ហេង នរិន្ទ្រ