ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីបន្តទិញថាមពលពីអុីរ៉ងបើទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិក

កាលពីថ្ងៃទី៨ ខែសីហា ទួរគីបានប្រកាសថា ប្រទេសនេះនឹងបន្តនាំចូលឧស្ម័នធម្មជាតិបើទោះបីអាមេរិកបានដាក់ទណ្ឌកម្មទៅលើអុីរ៉ង់ក្តី។

រដ្ឋមន្ត្រីថាមពលទួរគី លោក Fatih Donmez បានបញ្ជាក់ថា ការដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បន្តទិញថាមពលឧស្ម័នហ្គាសពីអុីរ៉ង់ គឺសមស្របទៅលើកិច្ចព្រមព្រៀងរយៈពេលយូររវាងប្រទេសទាំងពីរ។

លោកបន្តទៀតថា ការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើអុីរ៉ង់គឺជាសកម្មភាពឯកតោភាគីប៉ុណ្ណោះ។

លោក Fatih Donmez បញ្ជាក់ថា គណប្រតិភូរបស់ទួរគី នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាលើបញ្ហាខាងលើបញ្ចៀសការប្រឈមមុខដាក់គ្នា។

លោក Fatih Donmez បញ្ជាក់ថា «គណប្រតិភូរបស់លោកកំពុងតែនៅអាមេរិក ហើយកិច្ចពិភាក្សាលើបញ្ហាមួយចំនួនត្រូវបានរៀបចំឡើង ក្នុងនោះមានទាំងទណ្ឌកម្មផងដែរ។

អុីរ៉ងគឺជាប្រទេសផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់បំផុតដល់ប្រទេសទួរគី ដែលជាប្រទេសអាស្រ័យទៅលើការនាំចូលថាមពលទាំងស្រុងពីបរទេស។

ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអុីរ៉ង់ ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយអាមេរិកដាក់ទណ្ឌកម្មជាឯកតោភាគី។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់ប្រទេសស្ថិតនៅក្នុងហត្ថលេខាលើកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ បន្តរក្សាកិច្ចព្រមព្រៀងដដែល។ ជាមួយគ្នានេះប្រទេសជាច្រើន ក៏បានសម្រេចបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយអុីរ៉ង់ដដែល។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណាដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ក្រោយការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះ។

លោក ដូណាល់ ត្រាំ ព្រមានបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានបង្ហាញពីការសោកស្ដាយ ក៏ដូចជាប្រកាសថា នឹងចាត់វិធានការការពារផលប្រយោជន៍ក្រុមហ៊ុនអឺរ៉ុប ដែលកំពុងរកស៊ីដោយស្របច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់លើ Twitter ថា ប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ គឺមានន័យស្មើថា ពួកគេមិនចង់ធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតទៅទៀត។

គួរបញ្ជាក់ថា ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារសបា្ដហ៍នេះ គឺមានគោលដៅទៅលើឧស្សាហកម្មរថយន្ដ ហិរញ្ញវត្ថុ ការនាំចេញវត្ថុធាតុដើម ព្រមទាំងពាណិជ្ជកម្មអាកាសចរណ៍ស៊ីវិលជាដើម។ ប៉ុន្តែទន្ទឹមគ្នាបើទោះជាលោក ដូណាល់ ត្រំា ថាសហរដ្ឋអាមេរិកនៅតែបើកចំហទ្វារចរចាក៏ដោយ ក៏ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថា អ៊ីរ៉ង់នឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនជាដាច់ខាត ស្របពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្មនេះ៕ ម៉ែវ សាធី