ព័ត៌មានទាន់ហេតុការណ៍៖

ទើបបែកធ្លាយរឿងថៅកែវ័យក្មេងក្នុងស្រុកត្រពាំងប្រាសាទកៀរគរពលករឆ្លងដែនទៅថៃកាប់ឈើគ្រញូងជិតមួយទសវត្សរ៍

ខេត្តឧត្តរមានជ័យ៖ សកម្មភាពពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃកាប់ឈើគ្រញូងនៅតែបន្តឥតឈប់ឈរដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរណាទប់ស្កាត់ និង បង្រ្កាបឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីឃុំអូរស្វាយ ស្រុកត្រពាំង ប្រសាទ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែ មករា ឆ្នាំ ២០១៨។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹង ថា បច្ចុប្បន្ននេះបទល្មើសឈើគ្រញូងនៅតែមានសកម្មភាពគគ្រីកគគ្រេងដោយបានប្រមូលទិញ និងកៀងគរពលករឆ្លងដែនយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញដុះស្លែ នៅតំបន់ផ្លូវយុទ្ធសាស្ត្រសមរភូមិ មុខទិសទី២ស្រុកត្រពាំងប្រាសាទ។

ថៅកែដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ទី១ ឈ្មោះ ហង្ស ជាប្រជា ការពារភូមិទី២ឈ្មោះប្រុស អ្នកទាំងពីររស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ។ ពួក គេប្រមូលទិញឈើគ្រញូង និងកៀងគរ ពលករឆ្លងដែនជាច្រើនឆ្នាំមកហើយមិនដែលបានបង្ក្រាបពីសមត្ថកិច្ចម្តងណាឡើយ។

ស្រាប់តែពេលនេះបែកធ្លាយពីពលករថាឈ្មោះឈ្មួញឈើគ្រញូងទាំង២នាក់ខាងលើជាថៅកែប្រមូលទិញ និងដាក់ទុនឲ្យ ពួកគាត់ឆ្លងដែនទៅប្រទេសថៃលួចកាប់ឈើគ្រញូងយកមកលក់ឲ្យថៅកែខាង លើ។

ប្រភពពីសមត្ថកិច្ចតូចតាចបានលួចខ្សឹបប្រាប់ថា ថៅកែវ័យក្មេងទាំងពីររូបខាងលើរកស៊ីឈើគ្រញូងជិត១០ឆ្នាំមកហើយតាំងពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ននេះគេមានផ្ទះថ្ម និងរថយន្តទំនើបជិះក៏ដោយសារមុខជំនួញខាងលើនោះផងដែរ។ បើនិយាយអំពីសមត្ថកិច្ចដែលឈរជើងនៅតំបន់នោះមិនអាចបន្ទោសពួកគាត់បានឡើយដោយឈ្មួញទាំង២រូបនេះមានសែស្រឡាយធំណាស់ទើបពួកគាត់មិនហ៊ានបង្ក្រាប។

ពាក់ព័ន្ឋករណីនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីឈ្មោះ ប្រុស និងឈ្មោះ ហង្ស បានទេ។ ចំណែកលោក ស៊ុនប៊ូរ៉ាន់ មេ បញ្ជាការយោធាសឹករងស្រុកត្រពាំងប្រាសាទ ក៏មិនអាចទំនាក់ទំនងបានដែរ។

ដោយឡែកលោក អ៊ុន រីម នាយប៉ុស្តិ៍ នគរបាលរដ្ឌបាលឃុំអូរស្វាយ បានឲ្យដឹង ថា បញ្ហាខាងលើលោកកំពុងស្រាវជ្រាវរកការណ៍ពិតហើយ៕ ប៉ែន នួន