ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពចិនWCEF នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានចេញដំណើរទៅចូលរួម វេទិកា ​សេដ្ឋ​កិច្ច​​​ពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី ១០ ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៨-១១ វិច្ឆិកា ២០១៨។ តាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី បានអោយដឹងថា៖ វេទិកានេះ នឹងមានវាគ្មិន សំខាន់ៗ ជា សមាជិក​អញ្ជើញ​​​ចូលរួម ៦០០នាក់ មកពី ១៦ ប្រទេស និងមានការ​អញ្ជើញ​​ចូលរួមពី លោក H.E Shaukat Aziz អតីតនាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន និងបណ្តាថ្នាក់ដឹកនាំ​ ក្រសួង, ស្ថាប័ន, ប្រធានក្រុមហ៊ុន​ធំៗ​ ធុរជន សភាពាណិជ្ជកម្ម មកពី ប្រទេសអូស្រ្តាលី, ចិន , កាតា​ ​, រុស្សី​, សហ រដ្ឋអាមេរិក, អង់គ្លេស, កម្ពុជា, កូរ៉េរ៉ូម៉ានី, ប៉ាគីស្ថាន, តួកគី, អីតាលី, អាហ្វកានីស្ថាន, កាសាក់ស្ថាន , ម៉ាឡេស៊ី , សឹង្ហបុរី, ថៃ ។

លោកបន្តថា WCEF រយៈ​ពេ​ល ២ ថ្ងៃ ផ្តោត​​សំខាន់​​​​នូវស្ថាន​ភាព​ទូទៅ​លើ​ការ​​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ , បច្ចេកវិទ្យា , ទេសចរណ៍​ ការវិនិ​យោគ​សេដ្ឋ​​កិ​ច្ច​បែប​ទំនើប , សុខាភិបាល និង វិស័យ​ពាណិជ្ជ​កម្ម​ ពណ៌បៃតង​ជា​ដើម។

តាមការបញ្ជាក់ ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ថា ៖ ក្រោយបញ្ចប់បេសកកម្មខាងលើ នៅចុងឆ្នាំ២០១៨ នេះ លោកនឹងបន្តដឹកនាំគណៈប្រតិភូ កម្ពុជាទៅចូលរួមក្នុងវេទិកាសំខាន់ៗតាមបណ្តាប្រទេសផ្សេងៗទៀត ចាប់ ពីថ្ងៃទី១៦-១៨ វិច្ឆិកា លោកនិងគណៈប្រតិភូ បន្ដទៅសិង្ហបុរី ពីថ្ងៃទី ៧-៩ ខែធ្នូ នៅឥណ្ឌូណេស៊ី ពីថ្ងៃទី ១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី ២៤-១៦ ខែធ្នូ នៅប្រទេសប្រុយណេ និងដារ៉ូសាឡឹម ៕ សំរិត