ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ទៅរកបងប្អូន បែរជាត្រូវប្រជាពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ចប ន្ទាប់ដើរមករកបងប្អូន នៅបន្ទប់ជួល មួយកន្លែងដោយសង្ស័យជាមុខសញ្ញាលួចម៉ូតូ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ម្តុំផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនដែលពលរដ្ឋចោទប្រកាន់ មានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុជាង៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលចាស់ ឃុំសាគ្រាម ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនកើតហេតុ ឃើញបុរសខាងលើ ដើររេរាតាមបន្ទប់ជួល ដោយមិនដែលស្គាល់មុខថែមទាំងនៅទីនោះឧស្សាហ៍បាត់ម៉ូតូជាញឹកញាប់ផងនោះ ទើបឃាត់សួរទៅ ម្តងឆ្លើយ អញ្ចេះ ម្តងឆ្លើយអញ្ចុះ ទើបសង្ស័យ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស ។

តែបើតាមបុរសខាងលើវិញ ពេលមកដល់ប៉ុស្តិ៍ប៉ូលិស បានឲ្យដឹងថា ខ្លួនទៅរកក្មួយនៅផ្ទះជួលខាងលើ កន្លងមកធ្លាប់មកម្តងពេលយប់ដែរ តែមិនចំណាំ លុះដើរស្វែងរកមើលតាមបន្ទប់ មិនទាន់ឃើញផង ត្រូវបានពលរដ្ឋ ម្ចាស់ផ្ទះជួល សង្ស័យថាខ្លួនជាចោរប៉ុនប៉ងលួចទៅវិញ ដោយពលរដ្ឋគ្នាច្រើន គម្រាមរកវាយ សម្លុតខ្លួនជាចោរ ក៏ចាក់បណ្តោយតាមសិន ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍ ជៀសវាងពលរដ្ឋ វាយដំច្រំធាក់ ។

តែបើតាមការបញ្ជាក់របស់ពលរដ្ឋ អ្នកចាប់បុរសខាងលើ ប្រគល់ឲ្យប៉ូលិសវិញ បានឲ្យដឹងថា ថ្វីដ្បិត មិនបានឃើញសកម្មភាពបុរសរូបនេះ គាស់សោ ឬចូលបន្ទប់ លួចទ្រព្យសម្បត្តិពិតមែន តែពេលដែលសួរទៅ ឆ្លើយដូចជាមិនប្រក្រតី ទើបឃាត់ដើម្បីឲ្យប៉ូលិសសាកសួរ ។

បុរសដែលពលរដ្ឋចោទប្រកាន់ ត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ពុំមានភស្តុតាងណាមួយស្តែងឲ្យឃើញថាបុរសរូបនេះ លួចទ្រព្យសម្បត្តិនៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងសាកសួរ ក្នុងករណីដែលរកឃើញថា ដូចដែលពលរដ្ឋសង្ស័យ និងចោទប្រកាន់ប៉ុនប៉ងលួចនោះមែន សមត្ថកិច្ចឃាត់ខ្លួនអនុវត្តន៍តាមនីតិវិធីហើយ ៕ សុខាសែនជ័យ


ចែករំលែក៖