ព័ត៌មានទាន់ហេតុការណ៍៖

ទំនងស្រវឹងស្រាជិះម៉ូតូបុកស្ត្រីម្នាក់រងរបួសធ្ងន់ទាំងសងខាង

ខេត្តស្វាយរៀង៖ ប្រុស ស្រី២នាក់ បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ២គ្រឿងពន្លះគ្នា ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ទល់មុខវិទ្យាល័យហ៊ុន សែន កំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើកម៉ូតូបង្កហេតុឈ្មោះ អ៊ុំ កាយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខណៈជិះម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ចំណែកភាគីរងគ្រោះមាន ឈ្មោះ សៀង រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រៃសាគី ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ដោយជិះ ម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រៃវែង ១A.៧៣៣៨ ខូចខាតយ៉ាងដំណំ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ទំនងជាស្រវឹងស្រាស្រាប់តែរ៉េចង្កូតទៅបុក និងស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រៃវែង ១A.៧៣៣៨ ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយមក អ្នកភូមិបានរាយការណ៍ឲ្យសមត្ថកិច្ចមកអន្តរាគមន៍ និងយកភាគីរងរបួសទាំងសងខាងទៅមណ្ឌលសុខភាពដើម្បីព្យាបាល ព្រមទាំងវាស់វែង ដោយយកមធ្យោបាយម៉ូតូទាំងពីរគ្រឿងមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ យឹមសុថាន