ព័ត៌មានទាន់ហេតុការណ៍៖

ទំនង​ចង់​គេចវេះ​ !​ មេធាវី​កញ្ញា​ នី​ មុន្នីនាថ​ សុំ​ចៅក្រម​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា​វិញ​ រឿង​អតីត​គូដណ្ដឹង​ប្តឹង​ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖មជ្ឈដ្ឋាន​មួយ​ចំនួន​ ចាប់ផ្តើម​​គិត​ថា​ កញ្ញា​ នី​ មុន្នីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ រួម​ជាមួយ​មេធាវី​តំណាង​ដោយ​អាណត្តិ​ គឺ​លោក​ រ៉ូ​ ប៊ីន​ណៃ​ ទំនង​ចង់​គេចវេះ​ ដោយ​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ពុំ​បានចូល​​បំភ្លឺ​តាម​ដីកា​កោះ​អញ្ជើញ​របស់​លោក​ អ៊ុក​ សុវណ្ណា​រិទ្ធ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក​ ពី​សំណាក់​អតីត​គូ​ដណ្ដឹង​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ​ថា​ កា​រ​មិន​ចូល​បំភ្លឺ​នេះ​ ដោយសារ​លោក​មេធាវី​ រ៉ូ​ ប៊ីន​ណៃ​ ជាប់​រវល់​នៅ​ខេត្ត​ពុំ​ទាន់​បាន​សិក្សា​សំណុំរឿង​ ។​ ដូច្នេះ​លោក​មេធាវី​ សុំ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ វិញ​ ។

​ថ្មីៗ​នេះ​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់កញ្ញា​ ​នី​ មុន្នីនាថ​បាន​បង្ហោះ​សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ថា​”ចង់​និយាយ​ច្រើនណាស់​តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​”។

អតីត​គូ​ដណ្តឹង​តារា​សម្តែង​ នី មុន្នីនាថ គឺ​ លោក​អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សង​ប្រាក់​ចំនួន​៧ម៉ឺន​ដុល្លារ​ និង​ ប្រាក់​ជំងឺចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា ។

លោក​អ៊ឹង សូ​ឡាង​បានចាត់ទុក​នី​ មុន្នីនាថ​ថា​បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា​ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ ។​

NKD-36x6_outline

​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់លោក​អ៊ឹង សូ​ឡាង​កាលពី​ចុងខែ​កញ្ញា​ឲ្យ​ដឹង​ទៀតថា​”​មូលហេតុ​នៃ​ការទាមទារ​ពី​ដើមចោទ (​អ៊ឹង សូ​ឡាង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។

​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បានទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូចជា​ខ្សែ​.​ក​ពេជ្រ​,​ចិញ្ចៀនពេជ្រ​និង​ក្រវិល​ពេជ្រ​មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​។​ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។

​ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បានទទួល​វី​សា​ឱ្យ​ទៅ​អាមេរិក បែរជា​មិន​ទៅ​ថែមទាំង​លប់ចោល​ការភ្ជាប់​ពាក្យរ​វាង​ដើមចោទ​ថែម​ទៀតផង ដោយ​លើក​ហេតុផល​ថា ដើមចោទ​មិនចេះ​ប្រើពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែលជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះទេ​”​។​ ​

យោងតាម​ពាក្យបណ្តឹង​នេះ​របស់លោក​អ៊ឹង សូ​ឡាង បញ្ជាក់ថា លោក​បាន​ស្នើសុំ​តុលាការ​បង្គាប់​ឱ្យ​នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត ៕ចេស្តា​