ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីតនឹងកាណាដា ពិបាកផ្សះផ្សា

ក្រោយពេលដែលប្រទេសទាំងពីរកាត់ផ្តាច់ទំនាក់ទំនងដោយភាគី អារ៉ាប៊ីសាអ៊ូឌីតបានចោទប្រកាន់កាណាដា ថាបាន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ រាល់ទំនាក់ ទំនងរបស់ប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទាំងស្រុង សូម្បីតែនិស្សិតជាង ១មុឺននាក់កំពុងតែរៀននៅក្នុងប្រទេសកាណាដា ក៏អារ៉ាប៊ីសាអ៊ូឌីតដកចេញឲ្យទៅរៀននៅ ក្នុងប្រទេសផ្សេងបន្តទៀតដែរ។ ទាំងនេះបង្ហាញពីស្ថានភាពកាន់តែអាក្រក់ ពិបាក នៅក្នុងការស្រោចស្រង់ ។

នៅពេលនេះសូម្បីតែអាមេរិក ក៏បាន បដិសេធជាមុន នៅក្នុងការផ្សះផ្សាទំនាក់ទំនងប្រទេសទាំងពីរដែរ ។ ការបដិសេធ ជាមុនរបស់អាមេរិក ក្នុងពេលដែល កាណាដ្រា ត្រៀមស្នើឲ្យអាមេរិកជួយផ្សះផ្សាទំនាក់ទំនង ឡើងវិញ។

ប្រភពពីមន្ត្រីរដ្ឋាភិបាលកាណាដាបានឱ្យដឹងថា កាណាដាមានផែនការស្នើសុំឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក ជួយផ្សះផ្សា ជម្លោះការទូតបច្ចុប្បន្ន ជាមួយប្រទេស អារ៉ាប៊ីសាអូ៊ឌីត។ ប៉ុន្តែ ព្រមពេលជាមួយគ្នាទីក្រុងវ៉ាស៊ីនតោនបានប្រាប់ជាមុនថា ខ្លួននឹងមិនលូកដៃក្នុងជម្លោះនេះទេ។

រដ្ឋាភិបាលអារ៉ាប៊ីសាអូ៊ឌីត កាលពីថ្ងៃ អាទិត្យកន្លងទៅ បានបណ្ដេញឯកអគ្គរដ្ឋ ទូតកាណាដា ចេញពីប្រទេស ក៏ដូចជា ផ្អាកជើងហោះហើរ ការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេស ទាំងពីរផងដែរដោយចោទថា កាណាដា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងអូតតាវ៉ា ថ្កោល ទោសការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីនៅអារ៉ាប៊ីសាអូ៊ឌីត។

លើសពីនេះទៅទៀត ជម្លោះនេះមិន បានធូរស្រាលទេ ក្រោយក្រសួងការបរទេសកាណាដាបានបញ្ជាក់ថា នឹងមិនផ្លាស់ ប្តូរគោលជំហរ របស់ខ្លួនឡើយ ពោលគឺនៅតែបន្តគាស់រំលើងការរំលោភសិទ្ធិ មនុស្ស និងសិទ្ធិស្ត្រីនៅអារ៉ាប៊ីសាអូឌីត ឬ មិនថានៅទីណានោះទេ។ តែទោះជាយ៉ាង នេះក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីមិនបញ្ចេញឈ្មោះ ពីមន្ត្រីកាណាដាជាច្រើននាក់បានឱ្យដឹងថា រដ្ឋាភិបាលកាណាដានឹងស្នើសុំឱ្យ ប្រទេស អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រម ទាំងសហរដ្ឋអាមេរិក ជួយផ្សះផ្សាជម្លោះការទូតបច្ចុប្បន្នជាមួយអារ៉ាប៊ីសាអូ៊ឌីត។ «គន្លឹះដ៏សំខាន់គឺធ្វើការជាមួយសម្ពន្ធមិត្ត និងមិត្តនៅក្នុងតំបន់ឱ្យជួយបន្ធូរបន្ថយ ជម្លោះនេះដែល អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ»។ នេះបើតាមប្រភពខាង លើដដែល។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដាមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញ សេចក្ដីរាយការណ៍នេះទេ ខណៈសហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការ បរទេសលោកស្រី Heather Nauert អះអាងរួចជាស្រេចថា ទីក្រុងវ៉ាស៊ីនតោននឹងមិនលូកដៃចូលក្នុងជម្លោះនេះឡើយ ដោយទុកឱ្យភាគីទាំងពីរដោះស្រាយ ជម្លោះដោយខ្លួនឯងទៅចុះ៕ ម៉ែវ សាធី