ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់​នីតិវិធី​រវាង​លោក​ព្រះរាជ​អាជ្ញា​រង​ សឿ​ ឡងឌី​ នឹង​លោក​ចៅក្រម​ស៊ើបសួរ​ ហេង​ កេសរោ​ កំពុង​ក្តៅ​គគុក​​ ជុំ​វិញ​ការ​ដោះលែង​ជនជាតិ​ចិន​តៃវ៉ាន់​ជា​ប្រធាន​ក្រុមហ៊ុន​ ហ្គ្រេនសាមមីត

ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេល​នេះ​ ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​តែ​មាន​ការ​ជជែក​គ្នា​ បន្ទាប់​ពី​លោក​ ហេង​ កេសរោ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល​ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។ ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ ធ្វើ​ឱ្យ​លោក​ព្រះរាជ​អាជ្ញា​រង​ សឿ​ ឡងឌី​ សម្រេច​ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ។
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តុលាការ​ បង្ហើប​ឱ្យ​ដឹង​ថា​ បុរស​ជនជាតិ​រូប​នេះ​ឈ្មោះ​ Yang Shi Xioa  អាយុ៥៣ឆ្នាំ មុខរបរ​ជាប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ត្រូវ​បាន​ចោទប្រកាន់​ពីបទ ហិង្សាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ​ ។
ក្រោយ​ការ​សម្រេច​នេះ​ លោក​ចៅក្រម​ស៊ើបសួរ​ ហេង​ កេសរោ​ សម្រេច​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​ ។
សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់​ថា​ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ Yang Shi Xioa បាននាំបក្ខពួកចំនួន៣នាក់ទៀត ទៅជួបជនរងគ្រោះឈ្មោះ Lai Chu Wan នៅផ្ទះលេខ១៣ ផ្លូវ​លេខ៣ បុរីពិភពថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីទារលុយដែលជំពាក់ចំនួន២២ម៉ឺនដុល្លារ។
ដោយសារជនរងគ្រោះ មិនទាន់មានលុយសង ទើបពួកគេ​ បានយកពែងតែ គប់ជនរងគ្រោះ បែកក្បាល និងបាននាំគ្នាគំរាម ជនរងគ្រោះ ឱ្យ​ផ្តិតមេដៃ លើកិច្ចសន្យា បញ្ចាំរថយន្តម៉ាក Mercedes 500 មួយគ្រឿង​ ឱ្យ​ទៅពួកគេ​ជាថ្នូរនឹងការសងប្រាក់គ្រប់ចំនួន។
ក្រោយទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ Yang Shi Xioa ៕ ចេស្តា