ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញមានសារធាតុគីមី និងខូចគុណភាពត្រូវបាននាំចូលតាមច្រកចាំយាមជារៀងរាល់ថ្ងៃក្រោមក្រសែភ្នែកមន្ត្រីកាំកុងត្រូល

ខេត្តកោះកុង ៖ ទំនិញដែលពោរពេញដោយសារធាតុគីមី និងខូចគុណភាពដូចជា ជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិត ត្រូវបានក្រុមឈ្មួញបន្តនាំចូលយ៉ាងរលូនពីប្រទេសថៃមកកាន់ទីរួមខេត្តកោះកុងតាមច្រកទ្វារអន្តរជាតិចាំយាម ខណៈដែលសមត្ថកិច្ច ជំនាញកាំកុងត្រូលឈរជើងនៅទីនោះបានត្រឹមតែអង្គុយចាំយកលុយដាក់ចូលក្នុងហោប៉ៅ ។

យោងតាមប្រភពពីសមត្ថកិច្ចដែលឈរជើងនៅតំបន់ខាងលើបានបង្ហើបថា ស្លាប មាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ និងប្រហិត ដែលជាមុខទំនិញមានផ្ទុកសារធាតុគីមីយ៉ាងច្រើននេះមិនមែនជារឿងដែលថ្មីនោះទេដោយកន្លងទៅក្រុមឈ្មួញតែងតែនាំ ទំនិញខាងលើចូលតាមការបំបែករូបភាពដឹកតាមរទេះរុញតូចៗដើម្បីជាការបំភាន់ភ្នែកអ្នកធ្វើដំណើរចេញចូលតាមចក្រទ្វារមួយនេះ ហើយទំនិញដែលឈ្មួញនាំចូល គឺក្នុង១ថ្ងៃៗមិនក្រោមពី១តោនទៅ២ តោននោះទេ ។

ប្រភពដដែលបានបន្តថា ចំពោះការនាំចូលទំនិញទាំងនោះបានដោយរលូនយ៉ាងនេះដោយសារក្រុមឈ្មួញជាម៉ូយបានដាក់ខែជូនសមត្ថកិច្ចជំនាញរាប់ឆ្នាំមកហើយបើទោះបីជាមានមន្ត្រីកាំកុងត្រូលចុះពីក្រសួងមកក៏មិនងាយចាប់ក្រុមឈ្មួញទាំងនោះ បានដែរ ។

ជាក់ស្តែងកន្លងមករថយន្តពិនិត្យគុណភាពចល័តរបស់នាយកដ្ឋានកាំកុងត្រូលចុះមកម្តងៗបានត្រឹមតែពិនិត្យទៅលើទំនិញបន្លែកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។ ចំពោះទំនិញ ស្លាបមាន់ ជង្គង់មាន់ សាច់មាន់ គ្រឿងក្នុង មាន់ និងប្រហិតវិញដាក់លក់នៅពេញតូប ក្នុងផ្សារដងទង់ ហើយគេមិនដែលបាន ឃើញមន្ត្រីទាំងនោះចុះមកពិនិត្យឡើយ។

ប្រភពច្បាស់ការណ៍មួយទៀតដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា មុខទំនិញសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតទាំងនេះត្រូវបានលោក ជា នី ដែលជាអនុប្រធានសាខាកាំកុង ត្រូល និង ជាអតីតប្រធានប៉ុស្តិ៍កាំកុងត្រូលច្រកទ្វារ អន្តរជាតិចាំយាមជាអ្នកកាងនៅពីក្រោយ ទើបសមត្ថកិច្ចជំនាញមិនហ៊ានប៉ះពាល់ បែបនេះ ។

ចំពោះការចោទប្រកាន់ខាងលើលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង និងជាអតីតប្រធានប៉ុស្តិ៍កាំកុង ត្រូលច្រកទ្វារចាំយាមបានឆ្លើយបដិសេធតាមទូរស័ព្ទថា រូបលោកមិនបានកាងទំនិញ ខាងលើដូចការចោទប្រកាន់របស់ប្រជា ពលរដ្ឋនោះទេគឺលោកបានប្តូរចេញអស់ រយៈពេល២ឆ្នាំមកហើយបើចង់ដឹងរឿងនេះច្បាស់ទៅសួរអ្នកដែលនៅច្រកទៅ ។

ចំណែកលោក សំ ចិត្រា ប្រធានប៉ុស្តិ៍កាំកុងត្រូលថ្មីច្រកទ្វារអន្តរជាតិចាំយាម អ្នកយកព័ត៌មាននគរវត្តមិនទាន់សុំការបំភ្លឺបាននៅឡើយទេ ៕ ហេង សូរិយា