ព័ត៌មានទាន់ហេតុការណ៍៖

ទំហំនៃការខូចខាតដោយអគ្គិភ័យឆេះផ្សារច្បារអំពៅប្រមាណជិត៥លានដុល្លារ

ភ្នំពេញ៖ គ្រោះមហន្តរាយដោយអគ្គិភ័យឆេះផ្សារច្បារអំពៅកាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ឥឡូវនេះក្រុមការងារសាលាខណ្ឌច្បារអំពៅបានវាយតម្លៃទៅលើទំហំនៃការខូចខាតប្រមាណជិត៥លានដុល្លារ ឆេះតូបចំនួន៦៤៦តូប ក្នុងចំណោមតូប១៤៤៧តូប ។

លោកគ្រី ហុច អនុប្រធានគណៈកម្មការផ្សារបានឲ្យដឹងថា ទំហំនៃការខូចខាតបើគិតជាទឹកប្រាក់ចំនួន4លាន5សែន8ពាន់បួនរយដុល្លារអាមេរិក ហើយករណីនេះបណ្តាលមកទុស្សេខ្សែបណ្តាញចរន្តអគ្គិសនីនៅតូបលក់ដូរឈាងខាងកើតផ្សារ ។ ក្រោយពីកើតគ្រោះអគ្គិភ័យបំផ្លាញតូបលក់ដូរអស់រាប់រយទីតាំងឥឡូវនេះក្រុមការងារសាលារាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌច្បារអំពៅបានសម្រេចឲ្យម្ចាស់តូបសាងសងដោយខ្លួនឯងនៅទីតាំងចាស់ដោយឡែកដំបូលផ្សារខាងរដ្ឋជាអ្នកចំណាយក្នុងការសាង សង់ឲ្យអាជីវករ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ឆេផ្សារច្បារអំពៅនេះពុំបណ្តាលឲ្យមនុស្សរងរបួស និងឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

តែគួរឲ្យសោកស្តាយ តូបនឹងសម្ភារ:លក់ដូរសរុបចំនួន ៥៨៨ តូបត្រូវភ្លើងឆេះអស់ ក្នុងនោះឆេះតូបខាងក្នុងផ្សារចំនួន ៣៤០តូប , ឆេះតូបក្រៅផ្សារចំនួន២៤៨តូប ជាប្រភេទតូប សង់អំពីថ្មប្រក់ស័ង្កសី ទំហំតូបនិមួយៗស្មើ២ម៉ែត្រ ។ ចំណែកតូបជាង៥០ទៀតក៏ទទួលរងនូវការខូចខាតស្ទើរទាំងស្រុងផងដែរ ។

ក្នុងករណីគ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចចម្រុះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៨គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន៥៧៩ជើង ដោយប្រើប្រាស់រយៈពេលបាញ់ទឹកពន្លត់ជាង១០ម៉ោងទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង នេះជាសោកនាដកម្មដ៏ធំសម្រាប់ដើមឆ្នាំ២០១៨ នៅភាគខាងកើតទន្លេបាសាក់ ដែលត្រូវព្រះអគ្គិលេបត្របាក់ផ្សារច្បារអំពៅស្ទើទាំងស្រុងដោយសារតែទុស្សេខ្សែបណ្តាញចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់បើគិតជាទឹកប្រាក់រាប់លានដុល្លារ ម្ចាស់តូបគ្រប់គ្នាយំលែងចេញ ៕ សណ្តោស