ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ទូកុងតឺន័រ សង្កត់កាប៊ិនបែនដឹកដីស្លាប់តៃកុងម្នាក់

ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តបែនដឹកដីម្នាក់ បានចតរថយន្តអែបចិញ្ចើមថ្នល់ តែមិនទាន់ចុះចេញផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងទៀត បើកបត់ក្រោយដោយល្បឿនលឿន បានធា្លក់កង់ពីចិញ្ចើមថ្នល់ បណ្តាលឲ្យទូកុងតឺន័រ រអិលធ្លាក់លើកាប៊ិនរថយន្ត សង្កត់អ្នកបើកបរម្នាក់ស្លាប់ភ្លាមៗក្នុងកាប៊ីន ។ ចំណែកអ្នកបង្កហេតុ បានរត់គេចខ្លួន ។ គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើបណ្តោយថ្នល់ជាតិលេខ៤ ក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន ស្រុកភ្នំស្រួច ។

ជនរងគ្រោះឈ្មោះ ជា ពេញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើករថយន្តប្រភេទបែនដឹកដី ពណ៌ស្ករ ពាក់ស្លាកលេខ PP-2118(ចង្កូតស្តាំ) ។ ចំណែករថយន្របង្កម៉ាកហ៊្ចុយសូ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ តាកែវ3-A0728 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ១គ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ។ លុះវើកមកដល់ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ បានបើកបត់ឆ្លងថ្នល់បែរក្បាលទៅក្រោយវិញដោយល្បឿនលឿន បានជ្រុលចង្កូតធ្លាក់កង់ពីចិញ្ចើមថ្នល់ បណ្តាលឲ្យទូកុងតឺន័រ១គ្រឿងនៅលើរថយន្តនោះ បានរអិលធ្លាក់សង្កត់រថយន្តបែន១គ្រឿងទៀត ដែលកំពុងចតស្ងៀមនៅលើផ្លូវដីក្រហមខាងជើងថ្នល់ កៀបអ្នកបើកបរកំពុងអង្គុយក្នុងកាប៊ីន ដាច់ខ្យល់ស្លាប់ភ្លាមៗ ។ ក្រោយកើតហេតុ អ្នកបើកបរបង្ក បានរត់ចោលរថយន្ត ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ច អូសយកមករក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ដោយឡែកសាកសព សមត្ថកិច្ច បានទាក់ទងក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យនៅគេហដ្ឋាន តាមប្រពៃណី ៕ សេនាស័ក្តិ