ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ពីគោយន្តស្លាប់ម្នាក់ និងរបួសម្នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈស្ត្រីម្នាក់ទៀតរងរបួស ក្រោយហេតុការណ៍ធ្លាក់ពីលើគោយន្តកែច្នៃ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ធ្លាក់ពីលើគោយន្តកែឆ្នៃដែលកំពុងបើកបរលើផ្លូវលំ ក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលា​ម៉ោង​៨និង២០នាទីព្រឹក ថ្ងៃទី​៦ ខែកញ្ញា​​ ឆ្នាំ២០១៧ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានគោយន្ដ​កន្ត្រៃ​១គ្រឿង​ បើកបរ​ដោយ​ឈ្មោះ​ ម៉ាន់​ ចិន​ ភេទ​ប្រុស​ មុខរបរ​ ដុតធ្យូង​ មានទីលំនៅ​ភូមិ​ឫទ្ធីពីរ ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដឹក​អ្នកដំណើរ១០នាក់​ ត្រឡប់​មក​ពី​វត្ត​អូរត្រជាក់ចិត្ត​ ឆ្ពោះទៅ​ផ្ទះ​វិញ​ នៅ​ភូមិ​ឫ​ទ្ធីពីរ លុះ​ដល់ចំណុចខាងលើ​ផ្លូវ​ចុះចំណោត និង​ ផ្លូវ​រថភ្លើង​ឆ្លង​កាត់​ គោយន្ដ​ ក៏បាន​ធ្លាក់​ផ្លូវ​ បណ្ដាល​ឲ្យ​ស្រ្តី​អ្នក​រួម​ដំណើរ​៣នាក់​ ធ្លាក់​ពី​លើ​គោ​យន្ត​ ។

គ្រោះថ្នាក់​នេះ​ បណ្ដាលឲ្យ​ស្ត្រីម្នាក់ ឈ្មោះ​ឌុល​ ចន​ ​អាយុ៥៤ឆ្នាំ​ស្លាប់នៅនឹងកន្លែង និង​ស្ត្រីម្នាក់​ទៀតឈ្មោះ​ អ៊ូ​ ស៊ីផា​ អាយុ​ ៥៥ឆ្នាំ ​រងរបួសមធ្យម អ្នក​ទាំង​ពីរ​ មានទីលំនៅ​ភូមិ​ឬទ្ធីពីរ ។ ចំណែកអ្នករួមតំណើរផ្សេងៗទៀតមិនរងរបួសឡើយ ។ ក្រោយកើតហេតុ អ្នក​បើក​គោយន្ដ​ គេច​ខ្លួន​បាត់​ ៕ ឆ្លាម សមុទ្រ