ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់គុកពីបទបង្កហិង្សា ចេញមកវិញលួចម៉ូតូចាប់ចូលគុកវិញដដែល

ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ត្រូវបាន អ្នកភូមិចាប់បាន កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ពុធ ១ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ មិថុនា ២០១៨ នៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ បន្ទាប់ពីចូលលួចបានម៉ូតូ១គ្រឿង ដែលម្ចាស់ទុកក្រោមផ្ទះបម្រុងជិះចេញតែត្រូវបានម្ចាស់ម៉ូតូដឹងខ្លួនទាន់ ស្រែកឆោឡោឡើងទើបមានអន្តរាគមន៍ពីអ្នកស្រុកចាប់ខ្លួនជនសង្ស័យ និងចងស្លាបសេកទៅក្រោយទុកឲ្យសមត្ថកិច្ចតែម្តង ។

នគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ សាធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទហិង្សាដោយចេតនាម្តងរួចទៅហើយ ។ ចំណែកជនរងគ្រោះឈ្មោះ សេង ខេមរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីយោធារស់នៅភូមិឃុំកើតហេតុខាងលើ ហើយ ម៉ូតូដែលត្រូវចោរលួចនោះម៉ាកហុងដា ធូដេ ពណ៌ទឹកប្រាក់គ្មានស្លាកលេខ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យរូបនេះសមត្ថកិច្ចក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តវិនិច្ឆ័យទោសតាមច្បាប់ ៕ ប្រាថ្នា