ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ឮ និងឃើញគេបង្ហោះម៉ូតូ! ឯក្រុមនេះបង្ហោះកាណូត ឃាត់ខ្លួនបាន៦នាក់

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក អធិការដ្ឋាននគរបាលស្រុកបាកាន សហការចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះកាណូតឃាត់ខ្លួនចំនួន ៦នាក់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីភូមិរស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ខណៈដែលក្រុមក្មេងទំនើងទាំងនេះ តែងតែអុកឡុកនៅក្នុងមូលដ្ឋាន ណាត់គ្នាប្រណាំងកាណូតបើកបរក្នុងល្បឿនលឿនៗនៅក្នុងភូមិ ។ល។

ប្រតិបត្តិការបង្រ្កាបក្មេងៗទំនើងបង្ហោះកាណូតខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចកោះខ្នាច ស្ថិតក្នុងភូមិដីរនាថ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា លទ្ធផល៖ ឃាត់ខ្លួនក្រុមក្មេងៗទំនើងចំនួន ៦នាក់ រួមទាំងវត្ថុតាងកាណូត ១គ្រឿងផងដែរ ទី១ ឈ្មោះ កែម សុគន្ធា ភេទប្រុស អាយុ ២២ឆ្នាំ ទី២ ឈ្មោះ លឹម ចាន់សុី ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣ ឈ្មោះ នី នាង ភេទប្រុស អាយុ ៣០ឆ្នាំ ទី៤ ឈ្មោះ ថៃ ធី ភេទប្រុស អាយុ ២៦ឆ្នាំ ទី៥ ឈ្មោះ ពា សួឌី ភេទប្រុស អាយុ ២៥ឆ្នាំ និងទី៦ ឈ្មោះ ពុក ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្ន ជនសង្ស័យក្មេងទំនើងទាំងចំនួន ០៦នាក់ រស់នៅផ្ទះផែបណ្ដែតលើផ្ទះទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីបង្រ្កាបក្រុមគ្មេងទំនើងបង្ហោះកាណូតនេះ ចំពោះវត្ថុតាងកាណូតចំនួន ១គ្រឿង បានរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការនគរបាលដីរនាថ ចំណែកជនសង្ស័យក្មេងៗទំនើងទាំងចំនួន ០៦នាក់ បាននាំយកមកបំពេញនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនតាមច្បាប់៕ ប៉ឹម ពិន