ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយ​ចេញ​ឈ្មោះ​ និង​ លេខ​ទូរស័ព្ទ ​មន្ដ្រី​ចំនួន ​៥​នាក់ ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ពាក់ព័ន្ធ​ការ​យក​លុយ​ពី​បទល្មើស​ព្រៃឈើ​

ខេត្ដកំពង់ឆ្នាំង​ ៖​ ឈ្មោះ​របស់​មន្ដ្រី​ និង​សមត្ថកិច្ច​៥​នាក់​ដែល​បាន​បិទ​បាំង​ ក្នុង​ចំណោម​ជិត ​៥០​នាក់​ នៃ​បញ្ជី​ឈ្មោះ​ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ដ​ដឹក​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​និង​ការ​យក​លុយ​ នៃ​បទល្មើស​ព្រៃឈើ​ត្រូវ​បាន​គេ​បង្ហាញ​ ឱ្យ​ឃើញ​ហើយ​នៅ​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ។​

​មន្ដ្រី​ទាំង​៥​នាក់​ដែល​គេ​បិទ​ឈ្មោះ​ និង​ លេខ​ទូរស័ព្ទ​មិន​ឱ្យ​ឃើញ​នោះ​មាន​ ១-​មេព្រៃ​ក្រវាញ​ ២-​នគរបាល​សេដ្ឋ​ កិច្ច​ផ្សារ​ត្រាច​ ៣-​នគរបាល​សេដ្ឋកិច្ច​ កំពង់ឆ្នាំង​ ៤-​មេព្រៃ​កំពង់ឆ្នាំង​និង​ ៥-​មេព្រៃ​កំពង់ឆ្នាំង​ដែរ​ ។

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៥​ កម្លាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ កំពង់ឆ្នាំង​មួយ​ក្រុម​បាន​ស្ទាក់​ចាប់​រថយន្ដ​ ដឹក​គ្រឿងសង្ហារិម​(​ផលិតផល​ពាក់កណ្ដាល​ សម្រេច​)​ មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2D-2820​ នៅ​ត្រង់​ ចំណុច​ស្ពាន​ជ្រៃ​បាក់​ ក្នុងស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​ ។​

​នៅ​លើ​រថយន្ដ​នេះ​ពិនិត្យ​ឃើញ​ឈើ​ ម្រះព្រៅភ្នំ​២​បន្ទះ​ធំ​ដែល​កែ​ច្នៃ​រួច​ជា​តុ​ ។​ តុ​ធ្នង់​មូល​២​បន្ទះ​ពក​ម្រះព្រៅ​១​ច្នៃ​ជា​តុ​ ទ្វារ​ធ្នង់​៦​សន្លឹក​ គ្រែ​១​ដែល​គេ​កែ​ច្នៃ​រួច​ ។​ ប៉ុន្ដែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មាន​ក្រដាស​ដែល​ជា​បញ្ជី​ឈ្មោះ​មន្ដ្រី​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទាំងនោះ​ឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ កន្លង​មក​ នេះ​ស្រាប់តែ​មាន​គេ​ទម្លាយ​បញ្ជី​ឈ្មោះ​មន្ដ្រី​ជំនាញ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ និង​ការ​យក​លុយ​ពី​រថយន្ដ​ដឹកឈើ​តាម​ផ្លូវ​ ជាតិ​លេខ​៥​ពី​ខេត្ដពោធិ៍សាត់​ឆ្ពោះទៅ​កាន់​ រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​តែ​ម្ដង​។​ ប៉ុន្ដែ​កាល​ នោះ​មាន​គេ​យក​ទឹកស​លុបឈ្មោះ​មន្ដ្រី​៥​នាក់​មិន​ឱ្យ​ឃើញ​ទើប​នៅ​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ មាន​មន្ដ្រី​ដែល​មិន​សប្បាយ​ចិត្ដបាន​ទម្លាយ​ បញ្ជី​ឈ្មោះ​មន្ដ្រី​ទាំងនោះ​ម្ដងទៀត​ដោយ​មិន​មាន​បិទ​បាំង​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​ ឡើយ​ ។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​ ក្រសួង​ នឹង​ ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ បញ្ជី​ឈ្មោះ​មន្ដ្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ យក​លុយ​ពី​ឡាន​ដឹកឈើ​តាម​ផ្លូវជាតិ​ លេខ​៥​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ដ​ដឹក​បទល្មើស​ព្រៃឈើ​កាលពី​ពេល​ថ្មីៗ​នោះ​ ។

​លោក​ឧត្ដមសេនីយ៍​ខៀវ​ សុភ័គ​ អ្នក​ នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​ បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ថា​ ទាក់ទង​នឹង​ ករណី​បញ្ជី​ឈ្មោះ​នោះ​ក្រសួង​ត្រូវ​ធ្វើការ​ ស៊ើបអង្កេត​សិន​ ដើម្បី​ឱ្យ​ដឹង​ការ​ពិត​ ពីព្រោះ​បញ្ជី​ឈ្មោះ​នោះ​ជួនកាល​វា​គ្រាន់តែ​ជា​បញ្ជី​ ។​ លោក​ថា​ ត្រូវ​រង់ចាំ​មាន​ ពាក្យបណ្ដឹង​និង​សាក្សី​ច្បាស់លាស់​សិន​ ពេល​នោះ​ក្រសួង​នឹង​ចាត់វិធានការ​ ។​

ក្រោយ​ពី​លេខ​ទូរស័ព្ទ​និង​ឈ្មោះ​ដែល​ ត្រូវ​បាន​ទម្លាយ​នោះ​រហូត​មក​ដល់​ពេល​នេះ​ឈ្មោះ​មន្ដ្រី​ទាំងនោះ​មួយ​ចំនួន​បាន​ បិទ​លេខ​ទូរស័ព្ទ​ដោយ​ប្ដូរ​លេខ​ថ្មី​សម្រាប់​ ប្រើប្រាស់​វិញ​។​ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ដ​ កំពង់ឆ្នាំង​ កំពុង​រង់ចាំ​មើល​ថា​ តើ​ករណី​ នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចាត់​ ការ​បែប​ណា​ចំពោះ​មន្ដ្រី​ដែល​ពាក់ព័ន្ធ​ ទាំងនេះ​យ៉ាងណា​ ។​ ប៉ុន្ដែ​អ្នកខ្លះ​និយាយ​ថា​ អាច​ជា​ឱកាស​នៃ​ការ​ដាក់​ឈ្មោះ​អ្នក​ថ្មី​ដើម្បី​ ទម្លាក់​កំហុស​រីឯ​អ្នក​បាន​លាភ​សា​ក្ដា​រៈ​ពិតប្រាកដ​បែរជា​រួចខ្លួន​ ៕
39(3)

38(3)