ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​ធម្មការ​ ខេត្តកោះ កុង​​ឳ​ពុក​ប្រធាន ​និង ​កូន​អនុប្រធាន​មន្ទីរ​រួមដៃគ្នា​កឹ​ប​កេង​ថវិកាជាតិ​

ខេត្តកោះកុង​ ៖​ រឿង​អំពើ​ពុក​រលួយ​និង​គ្រួសារ​និយម​កំ​ពុង​តែ​ញាំញី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង​ ដែល​ប្រព្រឹត្តិ​ដោយ​លោក​ប្រធាន​មន្ទីរ​ ដួង​ សា​វឿ​ន​ ជាមួយ​កូនស្រី​ឈ្មោះ​ វ៉ា​ រ៉ា​វី​ ដែល​ជា​អនុប្រធាន​មន្ទីរ​និង​ជា​អ្នកកាន់ការ​ងារ​រដ្ឋបាល​និង​ហិរិ​ញ្ញ​វត្ថុ​។​ បច្ចុប្បន្ន​រាល់​ការ​ចាយវាយ​ថវិកាជាតិ​នៅ​ក្នុង​មន្ទីរ​មួយ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ការ​ស៊ុមគ្រលុំ​គ្នា​ស្ងាត់ៗ​រវាង​ឳ​ពុក​និង​កូន​ដោយ​មិន​អោយ​មន្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​មន្ទីរ​ដឹង​រឿង​ចំណាយ​ទាំងនោះ​ទេ​។​

​តាម​ប្រភព​បានអោយ​ដឹង​ថា​ដោយសារ​តែ​មានការ​ឃួ​ប​ឃិ​ត​គ្នា​រវាង​ឳ​ពុក​និង​កូន​ដែល​ជា​ប្រធាន​ អនុប្រធាន​​មន្ទីរ​ធម្មការ​ខេត្តកោះកុង​នៅ​ឆ្នាំ​២០១៣​និង​២០១៤​បាន​បាត់បង់​ថវិកា​ដោយសារ​អំពើ​ពុក​រលួយ​អស់យ៉ាង​តិច​ជាង​១០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​ថវិកា​ទាំងនេះ​គឺ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ​ ដួង​ សា​វឿ​ន​ និង​កូនស្រី​ជា​អនុប្រធាន​មន្ទីរ​និង​អតីត​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​របស់​មន្ទីរ​ឈ្មោះ​ វ៉ា​ រ៉ា​វី​ តែ​ពីរ​នាក់​ឳ​ពុក​កូន​តែ​ប៉ុណ្ណោះ​។​ ចំណែក​មន្ត្រី​ផ្សេង​ទៀត​គឺ​ពុំ​ទទួល​បាន​ផលប្រយោជន៍​អ្វី​ផ្សេង​ ក្រៅ​តែ​ពី​ប្រាក់ខែ​និង​ប្រាក់​បេស​កម្ម​បន្តិចបន្តួច​នោះ​។​

​តាម​ប្រភព​បានអោយ​ដឹង​ថា​ នៅ​មន្ទីរ​ធម្មការ​ខេត្តកោះកុង​គឺ​ចាប់តាំងពី​លោក​ប្រធាន​មន្ទីរ​ ដួង​ សា​វឿ​ន​ បាន​យក​កូនស្រី​មក​អោយធ្វើ​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​ក្រោយមក​តម្លើង​តំណែង​ជា​អនុប្រធាន​មន្ទីរ​នោះ​ ការងារ​ទាំងអស់​គឺ​ស្ថិត​តែ​នៅ​ក្នុង​ដៃ​ឳ​ពុក​កូន​គេ​ពីរ​នាក់​តែ​ប៉ុណ្ណោះ​។​ ចំណែក​មន្ត្រី​ផ្សេង​ទៀត​ដែល​ខិតខំ​ធ្វើការ​១០-២០​ឆ្នាំ​គឺ​មិន​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ផ្តល់​ជូន​ទេ​។​

​តាម​ប្រភព​បាន​បញ្ជាក់​ថា​ដោយសារ​តែ​មានការ​រួម​ដៃ​រវាង​ឳ​ពុក​និង​កូន​ដែល​ជា​ប្រធាន​ អនុប្រធាន​មន្ទីរ​គឺ​នៅ​ឆ្នាំ​២០១៤​មន្ទីរ​មួយ​នេះ​បាន​បាត់បង់​ថវិកា​ជាង​១០០​លាន​រៀល​ក្នុង​នោះ​មានការ​កឹ​ប​កេង​ថវិកា​ចំណាយ​លើ​ផ្នែក​ផ្គត់ផ្គង់​សំភារៈ​រដ្ឋបាល​ដែល​ចំណាយ​អស់​ទឹកប្រាក់​ខ្ទង់​៣០​លាន​រៀល​ ប៉ុន្តែ​ការ​ចំណាយ​ពិតប្រាកដ​គឺ​អស់​មិន​ដល់​១០​លាន​រៀល​។​ ចំណាយ​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​អស់ប្រាក់​ខ្ទង់​២០​លាន​រៀល​ ប៉ុន្តែ​ប្រេង​ស្ទើរ​ទាំងអស់​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​ឳ​ពុក​និង​កូន​ចំណែក​មន្ត្រី​ផ្សេង​ទៀត​បាន​ដ៏​តិចតួច​បំផុត​ ។​

ចំណាយ​លើ​ការ​ថែទាំ​និង​ជួសជុល​អង់​ជិត​៩០​លាន​រៀល​ក្នុង​នោះ​ជាង​៧០​លាន​រៀល​សំរាប់​ការ​ធ្វើ​សួនច្បារ​និង​ចាក់​ដី​នៅ​ចំហៀង​មន្ទីរ​ ប៉ុន្តែ​ចំណាយ​ជាក់ស្តែង​អស់យ៉ាង​ច្រើន​ជិត​២០​លាន​រៀល​និង​ចំណាយ​លើ​ការ​ជួសជុល​រថយន្ត​CRV​ស៊េរី​ឆ្នាំ​២០០២​អស់​រហូត​ជិត​៨​លាន​រៀល​ប៉ុន្តែ​រថយន្ត​នេះ​មិន​មាន​ខូច​អ្វី​ធ្ងន់ធ្ងរ​ទេ​បើ​ចំណាយ​ជាក់ស្តែង​យ៉ាងច្រើន​អស់​ត្រឹម​១​លាន​រៀល​។​ រថយន្ត​នេះ​គឺ​លោក​ប្រធាន​មន្ទីរ​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទាល់ខ្លួន​។​ ចំណែក​ម៉ូតូ​ចំនួន​៦​គ្រឿង​របស់​មន្ទីរ​ដែល​មន្ត្រី​នីមួយៗ​យក​ទៅ​ជិះ​សំរាប់​ធ្វើការ​នោះ​ មន្ត្រី​ណា​គ្រប់គ្រង​ម៉ូតូ​ណា​គឺ​ត្រូវ​ចំណាយ​ប្រាក់​ជួសជុល​ដោយ​ខ្លួនឯង​។​

​សម្រាប់​ការ​ចំណាយ​លើ​ផ្នែក​ទំនាក់​ទំ​ទង​សាធារណៈ​និង​ផ្សព្វផ្សាយ​គឺ​អស់ប្រាក់​ខ្ទង់​១០​លាន​រៀល​ តែ​ចំណាយ​ជាក់ស្តែង​អស់យ៉ាង​ច្រើន​ត្រឹម​ពាក់កណ្តាល​។​ ចំណែក​ការ​ចំណាយ​លើ​សោហ៊ុយ​ទូទាត់​ក្នុង​ប្រទេស​គឺ​អស់ប្រាក់​ខ្ទង់​៣០​លាន​រៀល​ ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​ប្រាក់​នេះ​ច្រើន​សន្ធឹកសន្ធាប់​នោះ​គឺ​លោក​ប្រធាន​មន្ទីរ​និង​កូនស្រី​ជា​អនុប្រធាន​ ចំណែក​មន្ត្រី​ផ្សេង​ទៀត​មានឈ្មោះ​ថា​ទទួល​ប្រាក់​នេះ​មួយ​ចំនួន​បែរជា​ត្រូវ​គេ​ស៊ីដាច់​និង​អ្នកខ្លះ​បាន​ប្រាក់​ត្រឹម​ពាក់កណ្តាល​នៃ​តម្លៃ​បេស​កម្ម​ដែល​គាត់​ត្រូវ​ទទួល​បាន​។​

ដោយសារ​តែ​មាន​អំពើ​ពុក​រលួយ​បែប​នេះ​ទើបបាន​ធ្វើ​អោយ​មន្ត្រី​ជា​ច្រើន​នៅ​ក្នុង​ចំណោម​មន្ត្រី​ក្រប់​ខណ្ឌ​ចំនួន​១០​នាក់​ ដែល​បច្ចុប្បន្ន​មាន​៨​នាក់​មានឈ្មោះ​បើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​កើតការ​ក្តៅក្រហាយ​និង​មិន​ពេញចិត្ត​ចំពោះ​លោក​ប្រធាន​មន្ទីរ​និង​លោកស្រី​អនុប្រធាន​នោះ​។​ ស្រប​ពេល​លោក​ប្រធាន​មន្ទីរ​ ដួង​ សា​វឿ​ន​ ឈាន​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​២០១៦​ខាង​មុខ​នោះ​ ប្រធាន​មន្ទីរ​មួយ​នេះ​បាន​នឹង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ប្រគល់​តំណែង​ជា​ប្រធាន​មន្ទីរ​ទៅ​អោយ​កូនស្រី​របស់​គាត់​ ដោយ​ការងារ​ស្ទើរ​ទាំងអស់​គឺ​គាត់​បាន​ប្រគល់​ជូន​លោកស្រី​អនុប្រធាន​មន្ទីរ​ វ៉ា​ រ៉ា​វី​ គ្រប់គ្រង​ជា​បណ្តើរៗ​និង​ដើរ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ​។​

​មន្ត្រី​ជា​ច្រើន​បាន​ធ្វើការ​អំពាវនាវ​សុំ​អោយ​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​ មិន​ ឃិ​ន​ អភិបាលខេត្ត​កោះកុង​ ប៊ុ​ន​ លើ​ត​ និង​ក្រុមប្រឹក្សា​ខេត្ត​ជួយ​ពិនិត្យ​ស្រាវជ្រាវ​និង​ចាត់វិធានការ​ដោះស្រាយ​លើ​ករណី​ខាងលើ​នេះ​។​ ព្រោះ​ថាបើ​ឳ​ពុក​ធ្វើ​ជា​ប្រធាន​មន្ទីរ​ តើ​កូន​អាច​ធ្វើ​ជា​អនុប្រធាន​និង​ជា​អ្នកកាន់ការ​ងារ​រដ្ឋបាល​និង​កិច្ចការ​ហិរិ​ញ្ញ​វត្ថុ​នៅ​ក្នុង​មន្ទីរ​ជាមួយ​គ្នា​ស្របច្បាប់​ដែរ​ឬទេ​ ៕

3

1

2