ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចហើយរត់ចេញពីផ្ទះលុះត្រឡប់មកវិញត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ធ្វើសកម្មភាពលួច ហើយរត់គេចខ្លួនអស់ជាច្រើនខែ លុះត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងត្បែង ឃុំសំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ ឈៀង មាំង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០២១ ដ.ក.ច.ខ. ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ លួច ដែលប្រព្រឹត្តកាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា ក្រោយពីជនត្រូវចោទខាងលើបានធ្វើសកម្មភាពលួចរួចហើយ ជននេះបានព្យាយាមរត់គេចខ្លួនចេញពីលំនៅដ្ឋានអស់រយះពេលជាច្រើនខែ ដោយពុំដឹងថា ទៅរស់នៅឯខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាឲ្យសមត្ថកិច្ចជំនាញតាមរកចាប់ខ្លួន ។ លុះមកដល់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ សមត្ថកិច្ចស្រុកបានឃើញជនសង្ស័យខាងលើនេះ កំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះក៏ចុះធ្វើការចាប់ខ្លួនដោយអនុវត្តន៍តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ