ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែនគោកវរៈ៣០៣ម្នាក់ ស្លាប់ដោយសារខ្យល់គរក្រោយផឹកស្រាស្រវឹង

ខេត្តមណ្ឌលគិរី ៖ នគរបាលក្រុងសែនមនោរម្យបានឱ្យដឹងថា កាលពីរសៀល ថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារសែនមនោរម្យ ស្ថិតក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី គេបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ នៅក្នុងផ្ទះដោយសារខ្យល់គរ ក្រោយផឹកស្រាស្រវឹង។

ក្រោយពីបានប្រទះ ឃើញនៃសាកសពមន្ត្រីនគរបាលនៃការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រសហការជាមួយនគរបាលក្រុងសែនមនោរម្យ ព្រមទាំងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក បានធ្វើការពិនិត្យសាកសព ស្វែងរកមូលហេតុនៃការស្លាប់នេះហើយជាលទ្ធផលនៃការពិនិត្យស្រាវជ្រាវ បានបង្ហាញថាជនរងគ្រោះមានឈ្មោះអៀម សាវិន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលការពារព្រំដែនគោកវរៈ៣០៣ ស្លាប់ដោយសារផឹកស្រាស្រវឹងខ្លាំង បង្កឱ្យខ្យល់គរ ស្លាប់ ដោយមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឬអត្តឃាតនោះទេ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី