ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលកំណត់មុខសញ្ញា​​ ចោរលួច ក្របីអ្នកស្រុកនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ ក្រុមចោរលួចកំពុង នាំគ្នាសំរុក លួចគោ ក្របីរបស់ប្រជាពលរដ្ឋ នៅស្រុកកោះញែកបង្កឱ្យកើតមានភាពវឹកវរ ជាច្រើនលើកច្រើនសាធ្វើឲ្យកម្លាំងអូស ទាញសម្រាប់ធ្វើស្រែចម្ការរបស់អ្នកស្រុកបាត់អស់ជាច្រើនក្បាលស្ទើរពេញស្រុក។ ករណីនេះត្រូវបានអ្នកស្រុកអ្នកភូមិសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ។

ដោយឡែកខាងមន្ត្រីអាជ្ញាធរសមត្ថកិច្ចស្រុកនេះហាក់ដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយទប់ស្កាត់ពីបញ្ហាដ៏​រសើបនេះឲ្យបានតឹងរ៉ឹងឡើយ ។ អ្នក ស្រុកអ្នកភូមិនៅស្រុកកោះញែកបានរាយការណ៍ប្រាប់ឱ្យដឹងថា កាលពីមុនៗក្រុមចោរជាច្រើនបានចូលមកលួច គោ ក្របីនៅស្រុកកោះញែកជាច្រើនលើកច្រើនសារ ត្រូវ បានកំលាំងនគរបាលនៅស្រុកនោះ ឃាត់ ចាប់ខ្លួនជនសង្ស័យ ធ្វើឱ្យប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង។ ប៉ុន្តែជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះត្រូវបានដោះលែងវិញមិនដឹងថាអង្គភាពមានសមត្ថកិច្ចមួយណាឡើយ ជាអ្នកដោះលែងនោះ​ទេ ព្រោះជនសង្ស័យត្រូវបានបញ្ជូនផុតដៃពីថ្នាក់ស្រុកហើយ ។

តាមសេចក្តីរាយការណ៍ថ្មីៗនេះពីប្រជា ពលរដ្ឋដដែល លោក ទិច ជីង លោក ក្រូច ក្រួច សាមួន ហៅប្រុស រស់នៅភូមិជីមាត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្ត មណ្ឌលគិរីបានថ្លែងឲ្យដឹងថា កាលពី ពេលថ្មីៗកន្លងមកគឺនៅដើមខែឧសភា ឆ្នាំ២០១៦នេះ រូបគាត់ពីរនាក់បងប្អូនបានបាត់ក្របីចំនួន១៤ក្បាល ។ ពួកគាត់បានតាមរកឃើញក្របីពួកគាត់ចំនួន៤ក្បាល នៅកន្លែងទីសត្តឃាតមួយកន្លែងក្នុងខេត្ត រតនគិរី គឺគេកំពុងរៀបចំសម្លាប់ស្របពេលនោះម្ចាស់ក្របីខាងលើបានរាយការណ៍ មកប្រាប់សមត្ថកិច្ចស្រុកកោះញែករឹបអូសយកបានក្របីចំនួន៤ក្បាលពីខេត្តរតនគិរីនោះមកប្រគល់ឲ្យម្ចាស់ដើមវិញ ។
ចំណែកក្របីចំនួន១០ក្បាលទៀតត្រូវបានគេសង្ស័យថាម្ចាស់ទីសត្តឃាតសម្លាប់យកសាច់បាត់អស់ទៅហើយ ។
ក្នុងករណីនេះម្ចាស់ក្របីទាំងពីរនាក់ ប្រាប់ថាម្ចាស់ទីសត្តឃាតនៅខេត្តរតនគិរី បានប្រាប់ថាគាត់ស្គាល់អត្តសញ្ញាណច្បាស់ អ្នកយកក្របីមកលក់ឲ្យគាត់តែពេលនេះសមត្ថកិច្ចខេត្តមណ្ឌលគិរី មិនទាន់បានឃាត់ខ្លួនជនសង្ស័យនៅឡើយទេ ។ ពួកគាត់​ សំណូមពរឱ្យសមត្ថកិច្ចឃាត់ខ្លួនជនដែលបានប្រព្រឹត្តចោរកម្មយកមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់សំណងដល់គាត់តម្លៃក្របី ចំនួន១០ក្បាលនោះផង ។

លោកស្រី អ៊ុច ចន្ធី ជំទប់ទី១ ឃុំណង ឃីលឹក ស្រុកកោះញែកនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៦ បានស្នើឱ្យខាងអាជ្ញាធរមានសមត្ថកិច្ចស្រុកកោះញែកជួយចាត់ ចែងរឹតបណ្តឹងខាងអសន្តិសុខកំពុងកើតមាននៅស្រុកនេះឲ្យបានល្អប្រសើរផងដើម្បី ធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ ។ លោក កាន់ ពេញ អធិការ ស្រុកកោះញែកបានប្រាប់ ថា ជនសង្ស័យជាប់ពាក់ព័ន្ធលួចក្របី១៤ក្បាល នៅស្រុកកោះញែកនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញាច្បាស់ហើយ បន្តិចទៀតនេះ សមត្ថកិច្ចនឹងចាប់ខ្លួនព្រោះ ពេលនេះជនដែលជាប់ពាក់ព័ន្ធនេះកំពុងមើលថែប្រពន្ធរបស់ខ្លួនវះកាត់ជំងឺ ។
លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរីបានអះអាងប្រាប់ អោយដឹងថា លោកបានជំរុញឲ្យសមត្ថកិច្ចចាត់វិធានការ រឿងនេះហើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះថា លោកកំពុងធ្វើការជំរុញឲ្យខាង មន្ត្រីមានសមត្ថកិច្ចខេត្ត និងស្រុកកោះញែកត្រូវតែចាត់វិធានការលើករណីនេះឲ្យមានប្រសិទ្ធភាពស្រាវជ្រាវរកភស្តុតាងឲ្យបានជាក់លាក់ឈានទៅរកការឃាត់ខ្លួនប្រគល់ឲ្យមន្ត្រីអនុវត្តច្បាប់ចាត់ការតាមនីតិវិធី ។

លោកអភិបាលខេត្តបានស្នើឲ្យខាង មន្ត្រីសមត្ថកិច្ច ខេត្ត ក្រុង ស្រុក ប៉ុស្តិ៍នៅ តាមមូលដ្ឋានមេត្តាជួយទប់ស្កាត់ឲ្យខាងតែបានអំពើចោរលួច ប្លន់ផ្សេងៗដែល កើតឡើង នៅតំបន់របស់ខ្លួនឈានទៅរកការលុបបំបាត់រាល់ករណីអសន្តិសុខនេះ ធានាសន្តិសុខល្អជូនបងប្អូនប្រជាពលរដ្ឋ រស់នៅដោយភាពសុខសាន្ត ៕ ដោយ ៖ ហេង នរិន្ទ្រ

13240018_1754462904792083_1554019282480872464_n

13241215_1754462918125415_7863801022948699955_n