ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនយុវជន២នាក់

ខេត្តបន្ទាយមានជ័យ៖ យុវជន២នាក់សេពគប់មិត្តភក្តិមិនល្អចេះលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ត្រូវមិត្តភក្តិអូសទាញនាំទៅប្រើប្រាស់គ្រឿងញៀនធ្លាក់ខ្លួនជាមួយគ្រឿងញៀន ត្រូវនគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួន និងគ្រឿងញៀន១២កញ្ចប់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ម៉ោង ១២ និង ១២ នាទី កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្លូវខាងកើតជាប់សណ្ឋាគារ លីហេងឆាយ ស្ថិតក្នុងភូមិបាលិលេយ្យ ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ សុភក្ក័ សម្ភស្ស ប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ដកហូតបានម៉្សៅក្រាមសថ្លាចំនួន ០១ ថង់តូច លោកអធិការប្រាប់ទៀតថា បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងបានចុះទៅត្រួតពិនិត្យបន្ទប់ដេក នៅចំណុចភូមិព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញម៉្សៅក្រាមសថ្លាចំនួន ១១ កញ្ចប់តូច ដបកែឆ្នៃសំរាប់ជក់២ ដែកកេះ ៦ និងថង់សថ្លាសំរាប់ច្រកថ្នាំញៀនមួយចំនួន និងបន្តឃាត់ខ្លួនជនសង្ស័យ ០១ នាក់ទៀត ឈ្មោះ ហេង យ៉ា ប្រុស មុខរបរអាយុ ២០ ឆ្នាំ កម្មករលាងឡាន រស់នៅភូមិក្បាលស្ពាន ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យទាំង២នាក់ត្រូវបានចាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកអធិការបញ្ជាក់ឲ្យដឹងទៀតថា អនុវត្តតាមផែនការនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យជុំវិញបញ្ហាគ្រឿងញៀន លោកតែងតែដឹកនាំកម្លាំងដោះស្រាយបញ្ហាគ្រឿងញៀននៅក្រុងប៉ោយប៉ែតបានជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនោះ ៕ សំ វិច្ឆិកា