ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាលខណ្ឌដង្កោឃាត់ជនសង្ស័យ៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចនៅម្ដុំផ្សារចំការដូង

ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយស្វាមីបានសម្រេច ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយព្យាយាមជិះគេចតែត្រូវកម្លាំងនគរបាលខណ្ឌដង្កោតាមបង្ក្រាបនឹងឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំអាង សុបណ្ឌិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរប្រជាការពារខណ្ឌដង្កោ មានទីលំនៅភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យទាំង៤នាក់ ទី០១ឈ្មោះ ទី ទេពី ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ អ៊ុច សាវីន ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ឈ្មោះ សំ ទិ ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ផល អ៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ហើយអ្នកទាំង៤នេះមានមុខរបរមិនពិតប្រាកដទាំងអស់។

ជនរងគ្រោះឈ្មោះ សំអាង សុបណ្ឌិត បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ឌុបប្រពន្ធនិងម្តាយក្មេកចេញពីផ្ទះស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅខេត្តកំពង់ឆ្នាំ ពេលជិះម៉ូតូមកចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូពីរគ្រឿង ស្របទិសគ្នា ។ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីប្រពន្ធខ្លួនបានហើយ រួចព្យាយាមបើកគេចខ្លួន ហើយខ្លួនក៏ឲ្យម្តាយក្មេកនឹងប្រពន្ធចុះពីលើកម៉ូតូរួចជិះតាមនឹងស្រែកចោររហូតផ្អើលដល់សមត្ថកិច្ចកំពុងល្បាត ឃើញដេញចាប់ឃាត់ខ្លួនសង្ស័យបានទាំងបួននាក់នៅក្បែរសាលាកសិកម្មចំការដូងនឹង នាំយកខ្លួនយកមកកាន់អធិការខណ្ឌដង្កោភ្លាម។

ក្រោយពីសាកសួរ ជនសង្ស័យ ទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេទាំង៤នាក់ខាងលើ ពិតជាបាន ធ្វើ សកម្មភាពឆក់កាបូប ដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង៤នាក់ ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀនជាប្រចាំ មានសារធាតុញៀនក្នុងទឹកនោមទាំង៤នាក់តែម្តង៕ ភារ៉ា ដង្កោ