ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួននារីម្នាក់ រួមនឹងថ្នាំញៀន៣កញ្ចប់

ភ្នំពេញ៖ នារីសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន​ពាក់ព័ន្ធនិងគ្រឿងញៀនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចច្រកចូលផ្លូវលេខ១៣៦ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងខណ្ឌដូនពេញ នៅម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកានេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិកាដ្ឋាន នគរបាលខណ្ឌដូនពេញ បានជិះល្បាតតាមមូលដ្ឋាន លុះជិះមកដល់ចំណុចច្រកចូលផ្លូវលេខ១៣៦ ឃើញនារី ក៏ឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

NKD-36x6_outline

ជនសង្ស័យមានឈ្មោះ សុខ ម៉ារ៉ាឌី ហៅ អេណា ភេទស្រី អាយ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងម៉ាដាម ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ១៥៤ កែងផ្លូវលេខ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់(បីកញ្ចប់តូច) ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣ថង់ ដែកកេះ១ ប្រអប់ជរ័ផ្លាស្ទិច១ កាបូបយូរដៃពណ៌ខ្មៅ១ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ ស តារា