ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន២ផ្សេងគ្នា

ភ្នំពេញ៖ យុវជន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈកម្លាំងចម្រុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឃាត់ខ្លួនជាក់ស្តែង ពីបទរក្សាទុកនូវសារធាតុញៀន២ករណីផ្សេងគ្នា កាលពីវេលាយប់ថ្ងៃពុធ ៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចផ្លូវ២៨៩ ក្រុម៤៥ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី១, ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១.ឈ្មោះ ច័ន្ទ សេរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់គ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២.ឈ្មោះ សេង សាវឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ប្រហិតត្រី ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់តូច, ទូរស័ព្ទចំនួន២គ្រឿងម៉ាក IPhone6 plus ពណ៌ស និងម៉ាក LG ពណ៌ខៀវ, ម៉ូតូចំនួន១គ្រឿងម៉ាក HONDA Duke ធុនសេ២៥០ ពណ៌ខ្មៅលាយទឹកក្រូច មានស្លាកលេខ ភ្នំពេញ 1FF-4477 ។

ករណីទី២, ឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១.ឈ្មោះ សឿង ច័ន្ទធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ទី២.ឈ្មោះ អី សុខហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក និងទី៣.ឈ្មោះ ពៅ ដាវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក។ អ្នកទាំង៣ ស្នាក់នៅបន្ទប់គ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម្សៅក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន២កញ្ចប់តូច, ទូរស័ព្ទចំនួន១គ្រឿងម៉ាក Confon ពណ៌មាស និងម៉ូតូចំនួន១គ្រឿងម៉ាក ស៊ុយស៊ូគី និច ពណ៌ខ្មៅ មានស្លាកលេខ កណ្តាល 1E-4659 ។

ក្រោយឃាត់ខ្លួនយុវជនទាំង៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខាងលើនេះ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា