ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនជាតិចិន៩នាក់ដកហូតកាំភ្លើងខ្លីមួយដើមសង្ស័យមុខសញ្ញាបាញ់ប្លន់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់កាលពី​ម៉ោង១ជាង​យប់ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត​នៅមុខ​ច្រកចូល​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យនិងដកហូតកាំភ្លើងខ្លីម៉ាកK54ចំនួនមួយដើមដោយសង្ស័យពាក់ព័ន្ធនិងអំពើប្លន់បាញ់សម្លាប់បុរសជនជាតិខ្មៃរអំឡុង១ឆ្នាំមុន លុះព្រឹកឡើង ក៏បន្តតាមចាប់បក្ខពួកប្រុសស្រីចំនួន៧នាក់ថែមទៀតយកមកសាកសួរ។

ជន​ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់​ឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ៣៧ឆ្នាំ​កាន់​លិខិតឆ្លងដែន EA926438 និង​ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ៣០ឆ្នាំ​គ្មាន​លិខិតឆ្លងដែន កាន់​អាវុធខ្លី១ដើម​ម៉ាកk៥៩ ។ អ្នក​ទាំងពីរ​ស្នាក់​ផ្ទះជួល ក្នុង​បុរី​ញូ​ថោ​ន កន្លែងកើតហេតុ។ ចំណែក៧នាក់​ទៀត ដែល​កម្លាំង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេល​កើតហេតុ​វេលាម៉ោង១យប់ កម្លាំង​នគរបាល​បានចេញ​ល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន លុះ​ល្បាត​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ទាំង២នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​ស្ពាយ​កាបូប ដោយមាន​ការសង្ស័យ នៃ​ភិនភាគ​ជនសង្ស័យ ប្រហាក់ប្រហែល​និង​ជនសង្ស័យ បាន​បាញ់​ប្លន់​ជនជាតិ​ចិន នៅក្នុង​ហាង​សៀវភៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ កាលពី​អំឡុង​ជិត១ឆ្នាំមុន ទើប​ហៅ​ឲ្យ​ឈប់ ដើ​ម្បី​ត្រួត​ពិនិត្យមើល ពេលនោះ​ជនសង្ស័យ​បាន​លូកដៃ​ចូល ក្នុង​កាបូប​បម្រុង​យក​អាវុធ ទើប​នគរបាល​ចាប់ដៃ​ជាប់​ហើយ​ទះ១ដៃ បណ្តាល​ឲ្យ​ជនសង្ស័យ ដួល​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ក៏​ឃាត់​តែម្តងទៅ ។

ក្រោយ​សាកសួរ​ជនសង្ស័យ​រួច ព្រឹក​ឡើង​ទើបកម្លាំងនគរបាលបាន​បន្តទៅ​ឃាត់ខ្លួន ជនជាតិ​ចិន៧នាក់​ទៀត នៅក្នុង​បន្ទប់​ជួល​ដែលជា​បក្ខពួក​ពួកគេ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕ សុខាសែនជ័យ