ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងបញ្ជល់មាន់និងអាប៉ោង២កន្លែង

ភ្នំពេញ៖​ កម្លាំងអន្តរាគមន៍ពិសេសបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាន ឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ចំនួន២កន្លែង ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែង​ នៅវេលាម៉ោង៣រសៀល​ ថ្ងៃសុក្រ​ ១៣កើត​ ខែស្រាពណ៍ ​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ឆ្នាំ​២០១៨​ លោកវរៈសេនីយ៍ឯក​ យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបានបញ្ជាឲ្យ​កម្លាំងនគរបាលអន្តរាគមន៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី១ បានឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅភូមិថ្មគោល សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

លុះវេលាម៉ោង៣និង៣០នាទីថ្ងៃដដែល​ កម្លាំងនគរបាលអន្តរាគមន៍បានសហការជាមួយកន្លែងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ចុះបង្ក្រាបទីតាំងសង្វៀនមួយកន្លែងទៀតដែលស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ និងដកហូតសម្ភារបាញ់អាប៉ោងមួយចំនួន ដោយឡែកអ្នកញៀនល្បែកទាំងនៅបានរត់គេចខ្លួនអស់ ។

ក្រោយពីប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានរុះរើទីតាំងយកមករក្សាទុកនៅប៉ុស្តិ៍ផងដែរ ៕ សុខាសែនជ័យ