ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ បញ្ជូនខ្លួនចោរជំនាញឆ្កឹះសោររថយន្តទៅតុលាការ

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាចោរជំនាញខាងឆ្កឹះសោររថយន្តពលរដ្ឋលួចយកទៅបាត់ជាច្រើនករណីនោះ ទៅតុលាការដើម្បីបន្តនីតិវិធី ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល(ប្លុកបុរីកីឡា) ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម)។ ចំណែកឯជនរងគ្រោះឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅគ្មានលេខ ផ្លូវលេខ៣២ ក្រុមទី១១ ​​ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរនៅផ្ទះ ។

គួររំលឹកផងដែរថា ​​​កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងលេខ៣២ ក្រុមទី១១ ​​ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹម សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CI-0713 មកឈប់ក្បែរកន្លែងកើតហេតុខាងលើ រួចធ្វើសកម្មភាពប៉ុនប៉ងលួចយករថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-1923 តែត្រូវបានអ្នកជិតខាងដែលកំពុងអង្គុយលេងនៅមុខផ្ទះឃើញទាន់ ក៏ស្រែក “​ចោរៗ” ផ្អើលឆោឡោ​ឡើងដល់ម្ចាស់រថយន្តនាំគ្នាចេញមកជួយចាប់ ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម កំពុងល្បាតនៅជិតនោះដែរ ក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយឆែកឃើញមានវត្ថុតាងសម្រាប់ឆ្កឹះចោររថយន្តមួយចំនួនទៀត ទើបសមត្ថកិច្ចវាយខ្នោះ យកទៅប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង ។

​វត្ថុតាងចាប់យក ៖ ដែកសំបកកំប៉ុងស្រាបៀរ កាត់ចុងស្រួចចំនួន ០៧បន្ទះ ,ដែកស័ង្កសី​ កាត់ចុងស្រួច ចំនួន០១បន្ទះ, ទុលឡឺវីសចំនួន០២ដើម, កូនកន្រ្តៃដែកចំនួន០២,កូនសោររថយន្តចំនួន០១, សោរមាត់លេខ១៧និងលេខ១៤ចំនួន០១, សោរមាត់លេខ១០ និងលេខ១២ ចំនួន០១, ដែកគោលចំនួន០១ដើម, សោរតាន់ចំនួន០១, ទូរស័ព្ទដៃចំនួន០៣គ្រឿង (ខូច០១គ្រឿង) ,មេសោរចិនចំនួន០១, ប្រដាប់ត្រួតពិនិត្យលក្ខណៈបច្ចេក​ទេស​យានជំនិះ ចំនួន០១សន្លឹក ,ឆ្នាំងសាកថ្មទូរស័ព្ទដៃ ម៉ាកហូវ៉ៃ ចំនួន០១, ប៊ិចពណ៍ខៀវចំនួន០២ដើម និង ម៉ូតូ០១គ្រឿង ម៉ាក Honda សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ លេខតួ+លេខម៉ាស៊ីន 8737830 ពាក់ស្លាកលេខភ្នំពេញ 1CI-0713 (ជាមធ្យោបាយជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី យកមកធ្វើសកម្មភាពលួចយករថយន្តរបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ៕ស តារា