ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាលឃាត់ខ្លួនមេខ្លោងគ្រឿងញៀន២នាក់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាមេខ្លោងគ្រឿងញៀនជួញដូរយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត បានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងបានដកហូតគ្រឿងញៀនមួយចំនួនធំ ។

ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀននៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ។

ការបង្រ្កាបជនសង្ស័យគ្រឿងញៀន២នាក់ អនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើឡើងកាលពី១៤ និង១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិបាលិ លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ប្រាប់ឲ្យដឹងថាៈការបង្រ្កាបជនសង្ស័យគ្រឿងញៀនក្រោយពីកម្លាំងនគរបាលបានធ្វើការស្រាវ ជ្រាវស៊ើបអង្កេតតាមជំនាញ និងឃើញពីសកម្មភាពជាក់ស្តែងរបស់ជនសង្ស័យកំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់ កម្លាំងនគរបាលក៏ឆ្មក់ចូលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង២នាក់ បានជាបន្តបន្ទាប់។សមត្ថកិច្ចត្រួតពនិត្យឆែកឆេររកឃើញដកហូតគ្រឿងញៀនចំនួន២ប្រភេទ គឺគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៧៩កូនថង់ធំនិងតូច ស្មើនិងទម្ងន់១៧៧,៦៦ក្រាម,ថ្នាំញៀនមេតំហ្វេតាមីនwy ១៥៤គ្រាប់ស្មើនិងទម្ងន់១៣,៨៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ,សៀវភៅបញ្ជីឈ្មោះអ្នកទិញជំពាក់គ្រឿងញៀន១ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

លោកនាយការិយាល័យប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង២នាក់មានឈ្មោះ១,សូត ម៉ាប់ ភេទប្រុសអាយុ៣៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុបជាមុខសញ្ញាខ្លោងជួញដូរគ្រឿងញៀន មានស្រុកកំណើតនៅឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២,វ៉ាន់ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខសញ្ញាលក់ចែកចាយគ្រឿងញៀន ប្រកបមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកនាយការិយាល័យបានបញ្ជាក់ឲ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាមេខ្លោងគ្រឿងញៀនឈ្មោះសូត ម៉ាប់ បានឆ្លើយសារភាព រូបគេបានទិញគ្រឿងញៀនពីអ្នករត់ម៉ូតូឌុប នៅក្រុងប៉ោយប៉ែតមួយខាំតម្លៃ៥ម៉ឺន៥ពាន់បាតប្រាក់ថៃ លក់ក្នុងម្លៃ១កុនថង់តូច៥០០បាត,គ្រឿងញៀន ខ្លួនយកលក់បន្តឲ្យជនជាតិថៃ និងខ្មែរ ៕ សំ វិច្ឆិកា