ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាលទេសចររងការរិះគន់ក្រោយពីមានជនបរទេសឡើងអង្គុយលើព្រះកេសបដិមានៅភ្នំសំពៅ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ទាំងអាជ្ញាធរក៏ដូចជាមន្ត្រីខាងទេសចរណ៍ និងនគរបាលផ្នែក ទេសចរណ៍កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសតាមបណ្តាញសង្គមនានាបន្ទាប់ពីបានបែកធ្លាយរូបភាព២សន្លឹកដែលក្រុមជាងចម្លាក់ថតបានជា រូបជនបរទេស២នាក់បាននាំគ្នាឡើងទៅ អង្គុយលើព្រះកេសព្រះបដិមាយ៉ាងព្រហើនដោយគ្មានការអន្តរាគមន៍ពីកម្លាំងជំនាញទាំងនេះសោះ ។

គួររំលឹកថា នៅលើជញ្ជាំងភ្នំសំពៅដែល ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងមានការដាប់ឆ្លាក់ថ្មភ្នំជារូបព្រះ បដិមាពែនភ្នែនដែលរូបនេះជាការផ្តួចផ្តើមពីព្រះអង្គម្ចាស់បុប្ផាទេវី ព្រមទាំងបានកំណត់ រយៈពេលនៃការកសាងចំនួន៧ឆ្នាំផងដែរ។ ប៉ុន្តែក្រោយមកការកសាងដោយដាប់ថ្មភ្នំនេះត្រូវបានផ្អាកមួយរយៈដោយសារតែ ការដាប់ឆ្លាក់មានការលំបាកព្រោះថ្មភ្នំសំពៅមានការផុយស្រួយ ។

ថ្មីៗនេះកិច្ចដំណើរការបានចាប់ផ្តើមឡើងវិញដោយរូបបដិមាកំពុងលេចចេញជារូបរាងព្រះកេសរួចហើយ។ ប៉ុន្តែថ្មីៗនេះ ដែរទំនងជាក្រោយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈដែលក្រុមជាងកំពុងសម្រាក ក៏ស្រាប់តែមានជនបរទេស២នាក់ (ប្រុស ស្រី) បាននាំគ្នាឡើងទៅលើខ្នងភ្នំសំពៅ ហើយបានចុះពីលើមកវិញដោយភាគីបុរសជាអ្នកឡើងទៅអង្គុយលើព្រះកេសព្រះ បដិមាយ៉ាងរំភើយ។ ដោយឡែកភាគីស្ត្រី បានចុះមកអង្គុយលើផ្ទាំងថ្មនៅខាងមុខ ព្រះភ័ក្ត្រព្រះបដិមា ។

បន្ទាប់ពីរូបភាពទាំង២សន្លឹកនេះត្រូវបានបង្ហោះតាមបណ្តាញសង្គមរួចមកក៏ មានមហាជនជាច្រើន ពិសេសអ្នកដែលលេងក្នុងបណ្តាញសង្គមបានរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីនគរបាលទេសចរដែលមានស្នាក់ការលក់សំបុត្រនៅចំពីក្រោមរូបសំណាកនេះតែម្តងបែរជាបណ្តោយឲ្យ មានរឿងហេតុនេះកើតឡើងទៅកើតដោយមហាជនជាច្រើនបានទាមទារឲ្យសមត្ថ កិច្ចតាមរកមុខជនបរទេសរូបនេះមកណែនាំតាមផែនការក្តៅបំផុតដើម្បីឲ្យជននេះបានស្គាល់អំពីតម្លៃនៃសាសនាព្រះពុទ្ធនិងឲ្យជននេះរាងចាលទៅថ្ងៃក្រោយ ៕ហេង សូរិយា