ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក លួងលោមយកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆបោកលួងលោមយកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៨នៅចំណុចភូមិ​ បឹងរាំង​ សង្កាត់ទួលសង្កែ២ខណ្ឌ​ ឫស្សីកែវ​ រាជធានីភ្នំពញ​ ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ​ ហៀង​ ស្រីខួច​ ភេទស្រីអាយុ​ ៣៤ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ ស្នាក់នៅភូមិ​ វត្តយួន​ ក្រុម១១​ សង្កាត់បឹងកក់ទី១​ ខណ្ឌ​ ទួលគោក​ រាជធានីក្រុងភ្នំពេញ ។

​ជនសង្ស័យឈ្មោះ​ ស្ដើង​ តូនី​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំមុខរបមិនពិតប្រាកដ​ ស្នាក់នៅ​ ភូមិ​៨​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (ឃាត់ខ្លួន)​ ធ្លាប់ប្រើប្រាស់សារធាតុញៀន ។

វត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក​ ហុងដា សេ ១២៥​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FW-8982 និងទូរស័ព្ទដៃ១គ្រឿងរបស់ជនសង្សយ័សំរាប់callជាមួយជនរងគ្រោះ ម៉ាក camfone ។

​សមត្ថកិច្ចឲ្យដឹងបន្តថា នៅថ្ងៃទី​ ១៨​ សីហា​ឆ្នាំ​ ២០១៨​ វេលាម៉ោង២២:០០ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានតេទូរសព្ទ័មកលួងលោម រួចណាត់ជួបនៅរង្វង់មូលកាំកូសុីធី​ ថាខ្លួនជាគ្រូពេទ្យស្រ្តី ។

លុះដល់ថ្ងៃទី១៩ សីហា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ០៩:២០នាទីជនរងគ្រោះឈ្មោះ​ ហៀង​ ស្រីខួច​ ក៏ទៅជួបនៅផ្លូវចូលបូរីអង្គរ​ ក្រុម១​ ភូមិបឹងរាំង​ ទួលសង្កែ២​ ឫស្សីកែវ រាជធានី​ ភ្នំពេញ ស្រាប់តែជនសង្ស័យឡើងអង្គុយលើម៉ូតូរួចសួរកសោដើម្បីជិះទៅកន្លែងស្ងាត់​ដើម្បីទម្លាក់ជនរងគ្រោះចោល ហើយយកម៉ូតូជិះគេចខ្លួន តែជនរងគ្រោះភ័យស្រែកផ្អើលឆោឡោ ហើយស្រ​ប​ពេលកម្លាំងសមត្ថកិច្ចល្បាតឃើញក៏ចាប់និងនាំជនសង្ស័យ និងជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី២ដើម្បីសួរនាំ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងឆបោកយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន​ ហើយក៏ធ្លាប់ឆបោកតាមវីងបាន៥ដងមកហើយ ។

ក្រោយសាកសួរ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ អរុណរះ