ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចយកម៉ូតូរ៉ឺម៉ក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចយកម៉ូតូរ៉ឺម៉ក់មួយគ្រឿង ខណៈដែលម្ចាស់ចតទុកចោល ចាំដឹកម៉ូយដោយមិនបានដកសោចេញ ដោយរវល់ជជែកគ្នាលេងភ្លេចខ្លួន បានសម្រេចរួចជិះរត់គេចខ្លួនបានបន្តិច ត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះ ដេញចាប់បានភ្លាមៗ ។

ករណីចោរលួចរឺុម៉ក់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ២៤ (ខាងមុខសាលាសង្កាត់បឹងទំពុនទី១) ក្នុងសង្កាត់បឹង ទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចឿម ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មានមុខរបរ និង ទីលំនៅមិនពិតប្រកដ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍បឹងទំពុនទី១ បានឲ្យដឹងថា មុនពេលកើតហេតុ គឺឃើញបុរសរងគ្រោះ បានបើកយកម៉ូតូរ៉ឺម៉ករបស់ខ្លួន យកទៅចតទុកចោលរង់ចាំដឹកម៉ូយនៅលើចិញ្ចើមផ្លូវ ខាងមុខសាលាសង្កាត់បឹងទំពុនទី១ ដោយមិនបានដកកូនសោចេញពីម៉ូតូនោះទេ ហើយបានដើរទៅឈរជជែកគ្នាលេងជាមួយនិងអ្នកជិតខាងនៅក្បែរនោះ ។

ប្រភពដដែលបន្តទៀតថា ស្រាប់តែមួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យខាងលើ ដើរក្បែរម៉ូតូរឺុម៉ក់ ដោយឃើញកូនសោរនៅជាប់នឹងម៉ូតូក៏ឡើងកាច់សោរនិងបញ្ឆេះ ជិះរត់គេចបានបន្តិចក៏ត្រូវបុរសរងគ្រោះឃើញទាន់ហើយស្រែកឆោឡោថាចោរៗ បង្កការភ្ញាក់ផ្អើលទៅដល់កម្លាំងប៉ុស្តិ៍ដែលល្បាតនៅក្បែរនោះនាំគ្នាជួយដេញតាមក្របួចជាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុម៉ូតូរ៉ឺម៉ក់របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យម្ចាស់វិញ ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីធ្វើកំណត់ហេតុ និង បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់ ៕ ស តារា