ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព សង្ស័យលួចដឹកទំនិញគេចពន្ធខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ រថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព បានរងការបង្រ្កាបពីសំណាក់កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សង្ស័យពាក់ព័ន្ធនឹងការដឹកញ្ជូន ដឹកផ្ទុកទំនិញគេចពន្ធខុសច្បាប់ពីព្រំដែនកម្ពុជា-ថៃ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។

រថយន្តក្រុងត្រូវបានបង្រ្កាបកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលរថយន្តនោះ បានធ្វើដំណើរតាមកំណាត់ផ្លូវជាតិ៥ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។

រថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព ដែលរងការបង្រ្កាបបន្ទាប់មកត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បី ត្រួតពិនិត្យ ក្នុងនោះមានការចូលរួមពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ៍ ស្នងការរងទទួលផែនប្រឆាំងបទល្មើស, មន្រ្តីជំនាញគយ និងមន្រ្តីជំនាញ ពាក់ព័ន្ធមួយចំនួនដើម្បី រើទំនិញពីលើរថយន្តក្នុងការឆែកឆេរត្រួតពិនិត្យនោះ។

បើតាមន្រ្តីជំនាញប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញថារថយន្តក្រុមហ៊ុនវុឌ្ឍន៍សុភាព ដឹកផ្ទុកទំនិញចម្រុះចំនួន១៤ប្រភេទ គ្មានបង្កាន់ដៃបង់ពន្ធត្រឹមត្រូវ មន្រ្តីជំនាញក៏បានចាត់ចែងតាមនីតិវិធីឲ្យអង្គភាពគយ ផាកពិន័យ និងអនុវត្តឲ្យម្ចាស់ទំនិញចូលខ្លួនបង់ពន្ធចូលរដ្ឋតាមច្បាប់គយ។

រថយន្តក្រុងដឹកផ្ទុកទំនិញខាងលើ មន្រ្តីជំនាញមិនទាន់ដឹងថា ទំនិញដឹកចេញពីច្រកព្រំដែនណាមួយនៅឡើយនោះទេ កំពុងតែតាមដានស្រាវជ្រាវស៊ើបអង្កេត រកប្រភពប្ញសគល់នាំឲ្យមានការលួចលាក់ដឹកទំនិញគេចពន្ធខុសច្បាប់ ធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងខ្លាំង។

NKD-36x6_outline

រថយន្តក្រុងនោះដែរ នៅថ្ងៃដដែលត្រូវបានឃាត់រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីទុកចាត់ចែងតាមនីតិវីធី ៕សំ វិច្ឆិកា