ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការគ្នានឹងជំនាញរដ្ឋបាលព្រៃឈើខេត្ត ឆ្មក់ចុះបង្ក្រាបទូកដឹកឈើប្រណីតមួយគ្រឿង

ខេត្តស្ទឹងត្រែងៈ បោះឆ្នោតហើយមិនទាន់មេឈ្មួញ​ដុះស្លែ តែងតែឆ្មក់លួចដឹកឈើតាមទូកនៅពេលយប់ ជារឿយៗ ចេញពីស្រុកសៀមប៉ាង ខណៈសមត្ថកិច្ចកំពុងរវល់តែនៅយប់ថ្ងៃច័ន្ទ១០រោច ទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩.៣៥នាទីយប់ នៅចំណុចកំពង់ផែរមនីយដ្ឋានកោះខ្យាច់ ឋិតក្នុងភូមិដុងតាដាំ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពពីរអ្នកលើកបាននិយាយថា ម្ចាស់ឈើគេស្គាល់តែគេមិនហ៊ានប្រាប់នោះទេ ព្រោះគេជាកម្មករស៊ីឈ្នួលលើក ខ្លាចដាច់ឆ្នាំងបាយ តែគេបានលួចបង្ហើបឲ្យដឹងថា មុននេះបន្តិចមានខាងមន្ត្រីបរិស្ថានពីរអ្នក ជិះទូកតាមប្រដេញមកដល់កំពង់ចតទូក យក២០ម៉ឺនរៀលរួចទៅហើយ ថៅកែសុំឲ្យ១៥ម៉ឺនរៀលក៏មិនព្រមដែរព្រោះគេជាបរិស្ថាន បានលុយរួចក៏ចេញទូកទៅវិញភ្លាម ។

ប្រភពដដែលបានបន្តថា មន្ត្រីបរិស្ថាននោះគេមិនស្គាល់មុខនោះទេ តែគ្រាន់តែដឹងថាគេជាមន្ត្រីបរិស្ថាននៅត្រោយម្ខាង តែមិនយូរប៉ុន្មានក្រោយពីរពួគគេលើកឡើងគោក ដឹកបានពីររម៉ក ស្រាប់តែសមត្ថកិច្ចមកដល់បង្ក្រាបតែម្តង ។

ចំណែកលោកវ៉ា សុផាន់ នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បាននិយាយថា នេះជាឈើរបស់អ្នកស្រីឈ្មោះសា វ៉ែងជី (ហៅយាយរី) ជាមន្ត្រីយោធាសឹករងខេត្តស្ទឹឹងត្រែង ឈរជើងនៅអង្គភាពវរៈ១០១ព្រុំដែនគោក កម្ពុជាឡាវ ជាមុខសញ្ញាចាស់់មេឈ្មួញរូបនេះដុះស្លែយូរហើយ ដែលសមត្ថកិច្ចតាមប្រមាញ់យូរមកហើយ ។

លោកបន្តទៀតថា តាមព័ត៌មានបានផ្តល់មកឲ្យថា មេឈ្មួញរូមនេះ ដឹកឈើចុះមកពីគោលដៅ ខាងលើមានពីរទូក តែសមត្ថកិច្ច បង្ក្រាបបានតែមួយទូកទេ ដោយបែកការពេលក្រុមការងារចុះបង្ក្រាប ត្រូវរត់គេចពួនចូលសម្ងំបាត់ ព្រោះទឹកឡើងធំ ងាយស្រួលឈ្មួញចូលច្រកលាក់ខ្លួន ហើយពិបាកដល់សមត្ថកិច្ចបង្ក្រាបផងដែរ បច្ចុប្បន្នទូកដឹកឈើមួយគ្រឿងដែលបង្ក្រាបបាននោះ ត្រូវបានប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើខេត្ត ។

លោកហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់បានឲ្យដឹងថា ក្រោយពីការបង្ក្រាបភ្លាមៗនោះ សមត្ថកិច្ចនគរបាល និងជំនាញរដ្ឋបាលព្រៃឈើ រឹបអូសទូកដឹកឈើមួយគ្រឿង មានម៉ាស៊ីនពីរគ្រឿងចំណុះប្រហែល២,៣តោន យកមកទុកនៅកំពង់សាឡាងចាស់ ដើម្បីដឹកជញ្ជូនយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើខេត្តនៅពេលព្រឹក តែឈើនោះត្រូវបានឈ្មួញដឹករំដោះ ទៅអស់ខ្លះហើយមុនពេលសមត្ថកិច្ចទៅដល់បង្ក្រាបនោះ ។

គួររំលឹកថា មេឈ្មួញរូបនេះ ជាមេឈ្មួញដុះស្លែ បើជាសត្វអណ្តើក ក៏អណ្តើកពាន់ឆ្នាំដែរ ព្រោះជាមេឈ្មួញច្រើនឆ្នាំមកហើយតាំងពីជំនាន់ឈើក្រញូង គគ្រឹក ពេញខេត្តស្ទឹងត្រែង ប៉ែកភូមិភាគឥសាន្ត ហើយក៏ជាឈ្មួញឈើធ្នង់រហូតមកដល់បច្ចុប្បន្ន ប្រហែលជាគាត់មានខ្នងធំហើយមើលទៅ ទើបមេឈ្មួញរូបនេះរកស៊ីឈើខុសច្បាប់ ផ្ទុយ នឹងច្បាប់រដ្ឋធម្មនុញ លក្ខន្តិកៈវិន័យរបស់យោធា ៕ មាស សុផាត