ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ៦នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

 

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ៦នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន៣គ្រឿង ហើយជនសង្ស័យទាំង៦នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។

មន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងផ្លូវលេខ២៧១ មុខមន្ទីរពេទ្យព្រះកុសុមៈ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។

ជនសង្ស័យទាំង៦នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនភ្លាមៗទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន ។

វត្ថុតាងចាប់យក: ម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាកហ្ស៊ុយសាគីឡេត ពណ៌ស ពាក់ស្លាកលេខ 1FO-6453 ម៉ូតូ២គ្រឿងទៀត ម៉ាក់ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AW-4685 និងមួយគ្រឿងទៀតគ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ បញ្ជូនទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា

NKD-36x6_outline