ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីថ្នាំញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ក្រោយពីជនសង្ស័យខាងលើធ្វើសកម្មភាពជួញដូរថ្នាំញៀន ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ មាន ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រីឯជនសង្ស័យដែលរត់គេចខ្លួនបានមានឈ្មោះ មាន ម៉ង់ ភេទប្រុស អាយុ៣៣ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ខាងលើត្រូវជាបងប្អូននឹងគ្នា មានទីលំនៅភូមិព្រែកដូមហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថង់សម្រាប់វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃមួយគ្រឿង ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានក្រុមជនសង្ស័យទាំង២នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មាន ម៉ន និងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុក រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មាន ម៉ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនប្រាកដមែន ហើយថ្នាំញៀនដែលបានមកនេះគឺឈ្មោះ មាន ម៉ង់ ត្រូវជាបងប្រុសបង្កើតរបស់ខ្លួន ជាអ្នកឲ្យខ្លួនលក់បន្ត ៕ស្អាងជ័យ