ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាទីឃាត់ស្ត្រីប្រពន្ធចុងម្នាក់យកសាំងដុតប្តីរបួសធ្ងន់

ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាល ស្រុកបាទីបានឃាត់ខ្លួនស្ត្រីម្នាក់ជាប្រពន្ធ ចុងដែលបានប្រើហិង្សាយកសាំងជះទៅលើប្តីរួចកេះដែកកេះដុតទាំងកំរោល បណ្តាលឲ្យប្តីរលាកភ្លើងមួយកំណាត់ខ្លួនរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ មន្ត្រីនគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ប៊ិន សុផល អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ និង សំណង់។ រីឯស្រី្តជាប្រពន្ធចុងដែលប្រើ ហិង្សាលើប្តីនោះឈ្មោះហឿង បូណា អាយុ ៤៤ឆ្នាំ ជាកសិករ រស់នៅឃុំ-ស្រុកកើត ហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីបានទៅផ្ទះស្រ្តីជាប្រពន្ធចុងក៏ បានឈ្លោះប្រកែកគ្នារួចប្រពន្ធចុងបានរត់ទៅយកកូនពូថៅដងឈើវាយឈ្មោះ ប៊ិន សុផលជាប្តី៣-៤ដងពូថៅបណ្តាលឲ្យរង របួសធ្ងន់។ ក្រោយមកស្រ្តីជាប្រពន្ធចុងបាន ដកកូនសោម៉ូតូរបស់ប្តីដើម្បីយកលេស បបួលទៅលែងលះគ្នានៅសាលាឃុំតែប្តី មិនព្រមទៅ ហើយប្តីទាមទារសោម៉ូតូមក វិញតែប្រពន្ធចុងមិនព្រមឲ្យសោះ ។

សាក្សីបន្តថា បន្ទាប់មកដោយទំនងជាខឹងនឹងប្តីខ្លាំងពេកនាង ហឿង បូណា បានទៅទិញប្រេងសាំងកន្លះលីត្រហើយឈ្មោះ ប៊ិន សុផលជាប្តីមិនបានចាប់អារម្មណ៍នៅតែព្យាយាមទៅដណ្តើមយកកូនសោម៉ូតូពីប្រពន្ធចុងធ្វើឲ្យនាងខឹងជះសាំងស្រោចលើប្តីរួចរកដែកកេះដុតក្រដាសបោះមកលើបណ្តាលឲ្យឆាបឆេះពេញខ្លួនប្តីតែម្តង។ ភ្លាមៗនោះជនរងគ្រោះត្រូវបានសាច់ញាតិនិងអ្នកភូមិដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញទៅដល់ឃាត់ខ្លួនស្ត្រីខាងលើទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទីដើម្បីចាត់ការ តាមច្បាប់ ៕ សហការី