ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នគរបាល​ខណ្ឌ​៧​មក​រា​ ឃាត់ខ្លួនបុរសម្នាក់ជា​មុខសញ្ញា​លួច​ស្លាក​លេខ​រថយន្ត​

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ ជាចោរជំនាញខាងលួច​ស្លាក​លេខ​រថយន្តប្រជាពលរដ្ឋដែលចតទុកនៅតាមផ្លូវក្នុងខណ្ឌ៧មករា​យ៉ាងសកម្មនោះ ឥឡូវត្រូវ​បាន​កម្លាំង​នគរបាល​​ខណ្ឌ​៧​មក​រា​ ឃាត់ខ្លួន​ជាក់ស្តែង ។

ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹង​ ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ មុខ​ផ្ទះសំណាក់​ធូ​ដេ​ ទីតាំង​លេខ​ ១៤៥​អឺ​០​ ផ្លូវ​១៣៤​ ភូមិ​ ៣​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានីភ្នំពេញ ។

យោងតាម​លោក​វរសេនីយ៍ឯក​ នេ​ត​ ស៊ី​ថុ​ន​ អធិការ​នគរបាល​ខណ្ឌ​៧​មក​រា​ បានឱ្យ​ដឹង​ថា ​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ​ មានឈ្មោះ​ សឹង​ គឹ​ម​ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិត​ប្រា​ដក​ ទីលំនៅ​ផ្ទះ​អត់លេខ​ ផ្លូវ​កោ​ក​តំបន់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ (​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​)​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ហូ​ ស៊ី​ប៊ុ​ន​ ភេទ​ ប្រុស​ អាយុ​ ៦៤​ ឆ្នាំ​ មុខរបរ​ លក់ដូរ​ ទីលំនៅ​ផ្ទះ​លេខ​ ៦​អា​អឺ​០​ ផ្លូវ​ ១៣៤​ ភូមិ​ ១២​ ខណ្ឌ​ ៧​ មក​រា​។​ សម្ភារៈ​បាត់បង់​ ៖​ ស្លាក​លេខ​រថយន្ត​ 2AI-9593​ (​មុខ​នឹង​ក្រោយ​)​ ។​

ប្រភពដដែរបន្តទៀតថា​ កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ ម៉ោង​ប្រហែល​២៤​នឹង​០៥​នាទី​ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ ម៉ាក​ TOYOTA​ AVAZA​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AI-9563​ មក​ឈប់​នៅ​មុខ​ផ្ទះ​ ហើយ​បាន​ចត​ទុក​នៅ​ទីនោះ​ រួច​ចូល​ទៅ​សម្រាក​នៅ​ក្នុងផ្ទះ​លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​បាន​ក្រោក​ពី​ដេក​ មក​មើល​រថយន្ត​ ស្រាប់តែ​បាត់​ស្លាក​លេខ​រថយន្ត​ (​ មុខ​+​ក្រោយ​ )​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព​ ឃើញ​ជនសង្ស័យ​បាន​ចូល​លួច​ នៅ​ម៉ោង​ ០៥.០០​ ហើយ​បាន​ស្គាល់​មុខ​ជនសង្ស័យ​ច្បាស់​ លុះដល់​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​នឹង​០៥​នាទី​ ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​នៅ​ មុខ​ផ្ទះសំណាក់​ធូ​ដេ​ ទីតាំង​ឃាត់ខ្លួន​ខាងលើ​ ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ ហើយ​បាន​ឃាត់ខ្លួន​នាំ​មក​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​ល​ វាលវង់​ តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន​​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿងចាត់ការតាមច្បាប់​ ៕ស រស្មី