ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​អន្តោប្រវេសន៍ ចុះត្រួតពិនិត្យហាងកោសជប់និងម៉ាស្សាយីហោ “រីករាយ”ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១១នាក់

ភ្នំពេញ៖ កម្លាំងនគរបាល​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ ចុះត្រួតពិនិត្យហាងកោសជប់ និងម៉ាស្សាមួយកន្លែងយីហោ “រីករាយ” ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីនគរបាលប៉ុស្តិ៍បឹងទំពុនទី២ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានពិនិត្យរកឃើញ ជនបរទេស ចំនួន១១នាក់ ក្នុងនោះមានស្រី ១០នាក់ សុទ្ធតែជាជនជាតិវៀតណាម ដែលបានលួចចូលមកស្នាក់នៅ និងប្រកបរបរ ដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំង១១នាក់នោះ ត្រូវ​បាន​បញ្ជូនទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ ពិនិត្យឯកសារ និងចាត់ការបន្តតាមនីតិវិធី៕ ស តារា