ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយមិនប្រាកដរបស់លោក ត្រាំ អាចធ្វើឲ្យបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាអ្នកដឹកនាំនយោបាយ អាត្មានិយម ផ្តល់អាទិភាពដល់អាមេរិកជា ចម្បង គឺធ្វើអ្វីដើម្បីផលប្រយោជន៍ខ្លួនឯង។ គោលនយោបាយរបស់លោក ត្រាំ ដែលរងការរិះគន់ខ្លាំងជាងគេបំផុតនោះ គឺ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ដោយសារតែទទួលរងការរិះគន់ខ្លាំងពេកពីការខ្វះឆន្ទៈនៅក្នុងសកម្មភាពរួមការពារផែនដីក្នុងនាមជាប្រទេសមហាអំណាច ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅពេលនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ បើទោះជាលោកមិនបានបង្ហាញពីការផ្លាស់ប្តូរទិសដៅណាមួយក៏ដោយ។ នេះបើ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Chanel News Asia នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទ សារព័ត៌មានថា “និយាយដោយស្មោះត្រង់ វាជាកិច្ចព្រមព្រៀងមួយ ដែលខ្ញុំមិនមាន បញ្ហាទេ ប៉ុន្តែខ្ញុំមានបញ្ហាជាមួយកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា ពីព្រោះជាធម្មតាពួកគេបានធ្វើកិច្ចព្រមព្រៀងអាក្រក់មួយ”។

លោកប្រធានាធិបតី ត្រាំ ដែលបាន ប្រកាសពីចេតនារបស់លោកក្នុងការដក ខ្លួន ចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ស្តីពីការកាត់បន្ថយការបំភាយសីតុណ្ហភាព កម្តៅព្រះអាទិត្យ កាលពីខែមិថុនា ដោយ លោកបានបញ្ជាក់ថា “ដូច្នេះយើងអាចវិល ត្រលប់វិញបាន”។

ប៉ុន្តែសកម្មភាពបែបនេះបង្កឲ្យមានការរិះគន់កាន់តែខ្លាំង ដោយអាមេរិកចង់ចេញ ក៏ចេញ ចង់ចូលក៏ចូល មិនគោរពដល់ឆន្ទៈរួមក្នុងការធ្វើឲ្យភពផែនដីល្អប្រសើរឡើងវិញ៕ ម៉ែវ សាធី