ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

នយោបាយប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំ ក្រោយដកហូតតំណែងរដ្ឋមន្ត្រីការបរទេស Rex Tillerson និងរដ្ឋលេខាធិការ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ត្រុវបានដកហូតតំណែង ក្រោយពេល ដែលប្រធានាធិបតីមើលឃើញថា លោកមិនមានការផ្លាស់ប្តូរអ្វីនៅក្នុងទំនាក់ទំនងជាមួយរុស្ស៊ី កូរ៉េខាងជើង ក្នុងរយៈពេល១ឆ្នាំ ដែលលោកកាន់តំណែង។ ការដកតំណែងនោះ សូម្បីតែ លោកTillerson ក៏មិនដឹងខ្លួនដែរ ។

សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា វិវាទផ្ទៃក្នុង ក្នុងជួររដ្ឋាភិបាលអាមេរិក កាន់តែខ្លាំងឡើងៗ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។

រយៈពេលជាង១ឆ្នាំកន្លងមក នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំបានហៅលោក Tillerson មកអង្គុយនៅលើកៅអី ការបរទេស គឺជារឿង ដ៏ភ្ញាក់ផ្អើលសម្រាប់ លោក Tillerson ។ ពេលនោះលោក កំពុងតែដឹកនាំក្រុមហ៊ុនប្រេងដ៏ធំនៅអាមេរិក ហើយទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងការអភិវឌ្ឍទីផ្សារនៅក្រៅប្រទេស ។

ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មាន ពីក្រសួងការបរទេសអាមេរិក បានប្រកាសឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson មិនមានភាពរីកចំរើននៅក្នុងគោលនយោបាយ ការបរទេសជាមួយរុស្ស៊ី ក៏ដូចជានៅឧប្បទ្វីបកូរ៉េ។

ការដកហូតតំណែងលោក Tillerson ត្រូវបានគេព្យាករណ៍តាំងពីចុងឆ្នាំ២០១៧ ដោយសារតែលោក តែងតែជំទាស់ទៅនឹងគោលនយោបាយដឹកនាំរបស់ លោកត្រាំ។ ប៉ុន្តែលោក ត្រាំ នៅតែការពារ លោក Tillerson ដោយ ពេលនោះលោកត្រាំបានបញ្ជាក់ថា លោកមិនបានឮដោយផ្ទាល់ ពីរដ្ឋមន្ត្រីការបរទេសនូវពាក្យពេចន៍មិនល្អនោះឡើយ ហើយព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនោះជារឿងមិនពិត។

ការដកតំណែងរដ្ឋមន្ត្រីការបរទេស Rex Tillerson ដោយលោកត្រាំ បានសរសេរដោយខ្លីនៅក្នុងបណ្តាញសង្គម Twetter ថា អរគុណ លោក Tillerson ដែលបានបំពេញការងារបម្រើប្រទេសជាតិ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ។ លោកត្រាំ មិនបាន បង្ហាញពីមូលហេតុណាមួយនោះឡើយ ។

ការសម្រេចដកហូតតំណែងរដ្ឋមន្ត្រីការរទេស របស់អាមេរិក ក្នុងពេលដែលអាមេរិកកំពុងតែត្រៀមលក្ខណៈពិភាក្សាជាន់ខ្ពស់ រវាងលោកត្រាំ នឹង លោកគីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភាខាងមុខ ។

ជាមួយគ្នានោះ រដ្ឋលេខាក្រសួងការបរទេសអាមេរិក ក៏ត្រូវដកហូតតំណែងផងដែរ ក្រោយពេលដែលលោកបាននិយាយ លើបញ្ហាដកតំណែង រដ្ឋមន្ត្រីការបរទេស Tillerson ។

កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Steve Goldstein ត្រូវបានដកហូតតំណែង ក្រោយពេល ថ្លែងសុន្ទរកថាខុសជាមួយនឹងព័ត៌មាននៅសេតវិមាន ពាក់ព័ន្ធនឹងការដកតំណែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex tillerson ។

មន្ត្រីសេតវិមាន និងក្រសួងការបរទេស អាមេរិកបានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេច ថា រដ្ឋលេខាធិការ ក្រសួងការបរទេស Steve Goldstein ត្រូវតែចាកចេញ។ នៅពេលនេះ មិនដឹងពីមូលហេតុពិតប្រាកដ ដែលដកហូតតំណែង រដ្ឋលេខាធិការក្រសួងការបរទេសនោះឡើយ ប៉ុន្តេ កន្លងមក លោក Steve Goldstein បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការបរទេស Rex Tillerson មិនដឹងពីមូលហេតុថា ខ្លួនត្រូវដកហូតតំណែងនោះឡើយ ។

រដ្ឋាភិបាល ដូណាល់ ត្រាំ កំពុងតែប្រឈមនឹងការបាត់បង់មន្ត្រីមានបទពិសោធន៍ជាបន្តបន្ទាប់ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន បើមិនលាលែងពីតំណែង ក៏រងការដកហូតតំណែងផងដែរ ។ ភាគច្រើនមន្ត្រីអាមេរិក ដែលត្រូវដកហូតតំណែង គឺប្រឆាំង និងគោលនយោបាយដឹកនាំរបស់លោកត្រាំ ពិសេស គឺនយោបាយសេដ្ឋកិច្ច ដែលលោកត្រាំ ទើបតែចុះហត្ថលេខាកន្លងមកថ្មីៗ ៕ ម៉ែវ សាធី