ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីកំពុងធ្វើឲ្យប្រទេសអ៊ិស្លាមស្អប់

តាំងពីដើមមក អូស្ត្រាលី រស់នៅបាន សុខសាន្ត លើឆាកអន្តរជាតិ ដោយប្រទេស នេះមិនជ្រៀតជ្រែក និងគោរពទៅតាម ច្បាប់អន្តរជាតិ ។ ប៉ុន្តែ ក្រោយពេលនាយក រដ្ឋមន្ត្រីថ្មី លោក Scott Morrison ឡើង កាន់តំណែងមកបានធ្វើឲ្យប្រទេសអ៊ិស្លាម មិនពេញចិត្ត ដោយសារតែលោក បង្ហាញ ពីគោលបំណងទទួលស្គាល់តំបន់ ហ្សេរុយ សាឡឹមថា ជារដ្ឋធានីរបស់អីុស្រាអែល ដោយដើរតាមអាមេរិក គឺជាសកម្មភាព ផ្ទុយនឹងច្បាប់អន្តរជាតិ។

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្តុត ម៉ូរីសុន (Scott Morrison) ដែលទើបឡើងកាន់តំណែងថ្មីៗដែរនោះបាននិយាយថា អូស្ត្រាលីនឹងពិចារណាទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល ហើយនឹងផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងដ៏ចំណាស់ មួយនេះ តាមពីក្រោយសហរដ្ឋអាមេរិក។

លោក Scott Morrison លើកឡើងបែបនេះប្រាប់អ្នកសារព័ត៌មាន ដោយនាយករដ្ឋមន្ត្រីអូសា្តលីរូបនេះ បានគូសបញ្ជាក់ យ៉ាងដូច្នេះថា « អូស្ត្រាលីនឹងពិចារណាទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល ហើយនឹងផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតែលអាវីវ ទៅ កាន់ទីក្រុងដ៏ចំណាស់មួយនេះ»។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នានេះ លោក Morrison នៅតែអះអាងដដែលថា អូស្ត្រាលីគាំទ្រ ដំណោះស្រាយរដ្ឋពីរ ក្នុងការបញ្ចប់ជម្លោះរវាងអុីស្រាអែល និងប៉ាឡេស្ទីន ហើយ ថាលោកនឹងពិគ្រោះយោបល់ជាមួយ គណៈរដ្ឋមន្ត្រីរបស់លោក និងប្រជាជាតិ ដទៃទៀត មុននឹងធ្វើការសម្រេចណា មួយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការ រិះគន់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិកាលពីឆ្នាំមុន បន្ទាប់ពីលោកបាន ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល ព្រមទាំងបានផ្លាស់ប្ដូរស្ថានទូតអាមេរិកប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពី ខែឧសភាកន្លងទៅ។ លើសពីនេះទៅទៀត ការសម្រេចចិត្តនេះបានបង្កជាជម្លោះយ៉ាងខ្លាំងរហូតមកទល់ពេលនេះរវាងប៉ាឡេស្ទីន នឹងអុីស្រាអែល៕ ម៉ែវ សាធី