ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ប្រទេសអូទ្រីស និងអឺរ៉ុប

អ្នកនយោបាយវ័យក្មេង រាងសង្ហារ Sebastian Kurz ត្រូវបានគត់ត្រានៅក្នុងប្រវត្តិសាស្ត្រ ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រទេសអូទ្រីស និងនៅតំបន់អឺរ៉ុបទាំងមូល។

លោក Sebastian Kurz អាយុ៣១ឆ្នាំ បានឈានដល់កម្រិតកំពូល ក្នុងវិស័យនយោបាយ របស់ខ្លួននៅពេលដែលគណបក្ស VOP របស់លោក ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត នៅប្រទេសអូទ្រីស។ សារព័ត៌មានរ៉យទ័របានផ្សាយថា តាមលិទ្ធផលបោះឆ្នោត ដែលបានប្រកាស កាលពីថ្ងៃទី១៦ ខែតុលា គណបក្ស OVP ទទួលបានសំឡេងគាំទ្រ ៣១,៤ ភាគរយ។ ចំណែកលំដាប់ទី២ គឺគណបក្សសេរី FPO ទទួលបានសំឡេងគាំទ្រ ២៧,៤ភាគរយ ដោយឡែកគណបក្ស សង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រ ២៦,៧ភាគរយ។

លោក Sebastian Kurz ទទួលបានការចាប់អារម្ភតាំងពីឆ្នាំ២០១៣ ពេលដែលលោកត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ២៧ឆ្នាំ និងជាបេក្ខភាពលេចធ្លោជាងគេ នៅក្នុងគណបក្ស VOP ។ ដល់ខែឧសភា ឆ្នាំ២០១៧ លោកត្រូវបានជ្រើសរើសជា មេដឹកនាំគណបក្ស OVP ហើយប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ និងរៀបចំការបោះឆ្នោតមុនកំណត់។

នៅពេលនេះ មានគណបក្សមួយ ក្នុងចំណោមគណបក្សទាំង២ ដែលលោក SebatianKurz ត្រូវជ្រើសធ្វើជាដៃគូដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ តែគេមិនត្រូវភ្លេចនិយាយទេថា តាំងពីប៉ុន្មានសប្តាហ៍កន្លងទៅ ទំនាក់ទំនងរវាងគណបក្សអភិរក្សនិយមរបស់លោក SebatianKurz និងគណបក្សសង្គមប្រជាធិបតេយ្យបានឡើងភាពតានតឹងយ៉ាងខ្លាំង។ មូលហេតុមកពីមានការបែកធ្លាយខ្សែអាត់វីដេអូមួយស្តីពីលោក Sebatian Kurz ដែលគណបក្សអភិរក្សនិយមសង្ស័យលើគណបក្សសង្គមប្រជាធិបតេយ្យជាអ្នកបញ្ចេញ។

សូមជម្រាបជូនថា នៅអូទ្រីស រដ្ឋាភិបាលដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៤៥ ច្រើនជារដ្ឋាភិបាលចម្រុះ រវាងគណបក្សអភិរក្សនិយម និងគណបក្សសង្គមប្រជាធិបតេយ្យ។ តែបើតាមមើលទៅលើកនេះ ភាពជាដៃគូរវាងគណបក្សប្រពៃណីទាំង២ ហាក់ដូចជាពិបាកបន្តិច។ ដូច្នេះគណបក្សអភិរក្សនិយម ប្រហែលជាគ្មានជម្រើសអ្វី ក្រៅពីទៅចាប់ដៃជាមួយគណបក្សស្តាំនិយមជ្រុលនោះទេ។ ក្រុមអ្នកជាតិនិយមមួយនេះ អាចនឹងទទួលបានចំណាត់ថ្នាក់ទី២ជាមួយនឹងសំឡេងគាំទ្រ ២៧ភាគរយ គឺជាអត្រាមួយដ៏ខ្ពស់ ដែលពួកគេមិនធ្លាប់មានទេនៅក្នុងការបោះឆ្នោតសភាកន្លងទៅ៕ ម៉ែវ សាធី