ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើឲ្យលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់

កាលពីថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា ចាំបាច់ត្រូវតែលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេស៥+១ ក្នុងនោះមានអង់គ្លេស, បារាំង, រុស្ស៊ី, អាមេរិក, ចិន និងអាល្លឺម៉ង់។

ការប្រកាសរបស់មេដឹកនាំអ៊ីស្រាអែល នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri ក្នុងទីក្រុង Buenos Aires ពេលលោកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសតំបន់អាមេរិកឡាទីន។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ គឺជាកិច្ចព្រមព្រៀងអាក្រក់បំផុត ចាំបាច់ត្រូវតែផ្លាស់ប្តូរ ឬលុបចោល។ ទន្ទឹមនឹងនោះលោកបញ្ជាក់ទៀតថា ការផលិត មីស៊ីល និងបរមាណូរបស់អ៊ីរ៉ង់ គឺជារឿងគ្រោះថ្នាក់បំផុតរបស់ពិភពលោក។

ក្រៅពីនេះ លោក ណេតាន យ៉ាហូ បានចោទប្រកាន់អ៊ីរ៉ង់ និងក្រុមហេបូឡាស់ នៅពីក្រោយការវាយប្រហារភេរវកម្មទៅលើទីតាំងស្ថានទូតអុីស្រាអែលនៅអាហ្សង់ទីនកាលពីឆ្នាំ១៩៩២ និងសមាគមន៍ជនជាតិជ្វីប (AMIA) នៅប្រទេសអាហ្សង់ទីន នៅឆ្នាំ១៩៩៤ សម្លាប់មនុស្ស១១៤នាក់ និង៥២០នាក់រងរបួស។

NKD-36x6_outline

ប្រទេសអាហ្សង់ទីន គឺជាប្រទេសទីមួយនៅក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន យ៉ាហូ នៅតំបន់អាមេរិកឡាទីន មុនពេលលោកទៅកាន់ប្រទេស កូឡំបី និងមិចស៊ីកូ។ នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពី អ៊ីស្រាអែល បង្កើតប្រទេសនៅឆ្នាំ១៩៤៨ ដែលមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែលទស្សនកិច្ចតំបន់អាមេរិកឡាទីន។

នៅក្នុងតំណើរទស្សនកិច្ចលើកនេះ មេដឹកនាំអ៊ីស្រាអែល និងកែទម្រង់ទំនាក់ទំនងសេដ្ឋកិច្ច សហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោកក្នុងពេលដែលប្រទេស តំបន់អាមេរិកឡាទីន បានថ្កោលទោស អ៊ីស្រាអែលថា បានចងគំនុំជាមួយជនជាតិប៉ាឡេស្ទីន។ កន្លងមកមានប្រទេសប្រេស៊ីល, វេណេហ្ស៊ុយអេឡា, បូឡាវី និងអីក្វាឌឺ បានថ្កោលទោសអ៊ីស្រាអែល៕ ម៉ែវ សាធី