ព័ត៌មានទាន់ហេតុការណ៍៖

នាយរងការិយាល័យ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃម្នាក់ ហៅជាងមកតភ្លើងនៅផ្ទះ ឆក់ស្លាប់លើដំបូលជាន់ទី៣ ពីរថ្ងៃក្រោយទើបដឹង

ភ្នំពេញ៖ បុរសម្នាក់ជាជាងភ្លើង បានភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងនៅដំបូលជាន់ទី៣ ទាល់តែធំក្លិនស្អុយទៅហើយ ទើបម្ចាស់ផ្ទះដឹង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យសពភ្លាមៗ ។

ករណីឆក់ខ្សែរភ្លើងស្លាប់ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៥ ផ្លូវលេខ២៤០ ក្រុម២៨ ភូមិ៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង (ត្រូវចរន្តអគ្គិសនីឆក់ស្លាប់) ទីកន្លែងស្នាក់នៅមិនស្គាល់នោះទេ ។

បើតតាមការបំភ្លឺពីម្ចាស់ផ្ទះកើតហេតុឈ្មោះ ចិត ភក្តី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជានាយរងការិយាល័យ នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក ខ្លួនបានទូរស័ព្ទចូលលេខ ០១៦ ៧៨៨ ៩០៥ (របស់ជនរងគ្រោះ) ជាជាងភ្លើងឲ្យមកតភ្លើងនៅផ្ទះកើតហេតុ(ផ្ទះសង់ថ្មី) លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីព្រឹក គាត់បានទូរស័ព្ទទៅជនរងគ្រោះម្តងទៀត តែមិនចូលរួចក៏ជិះម៉ូតូមកកន្លែងកើតហេតុឡើងទៅជាន់ទី៣ ស្រាប់តែធំក្លិនស្អុយ ក៏មើលនៅដំបូលពិដានក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យលើសព ដោយឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យរបស់គណៈកម្មការបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះរូបនោះ ពិតជាស្លាប់ដោយឆក់រន្តអគ្គិសនីពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីឲ្យក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី ៕ស តារា