ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ អំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញ ត្រូវរឹតបណ្តឹងអ្នកបើកបររបស់ខ្លួនបន្ថែមទៀត

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនដឹងជញ្ជូនអ្នកដំណើរ និងទំនិញទាំងអស់ ត្រូវរឹតបណ្តឹងដល់អ្នកបើកបររបស់ខ្លួនបន្ថែមទៀតខណៈអ្នកបើកបរខ្លះនៅតែប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ហើយ និង ប័ណ្ណបើកបរជាដើម ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹកអ្នកដំណើរប្រមាណមួយរយនាក់នៅព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៨នេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ានបានលើកឡើងថាតាមការត្រួតពិនិត្យនៅរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៨នេះ នៅតែឃើញមានអ្នកបើកបររថយន្ត ដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធំៗនៅប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងនៅពេលបើកបរដដែលដូច្នេះ ថ្នាក់ដឹកនាំក្រុមហ៊ុនគប្បីត្រួតពិនិត្យពួកគាត់ឲ្យបានច្បាស់លាស់ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះគួរឲ្យព្រួយបារម្ភនោះ ។

លោកបានថ្លែងបន្តទៀតថា មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខ្លះបើកបរល្មើសច្បាប់ ហើយបានប្រើប្រាស់នូវ សារធាតុញៀន ។ តែបុគ្គលទាំងនោះត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនហើយជនល្មើសខ្លះ ក៏ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមច្បាប់ផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះដែរលោកនាយឧត្តមសេនីយ៍ ក៏បានធ្វើការអំពាវនាវដល់តំណាងក្រុមហ៊ុនទាំងអស់ត្រូវរាយការណ៍ជូនថ្នាក់លើប្រសិនបើនៅមាននគរបាលណាមួយដាក់ខែយកលុយជាមួយក្រុមហ៊ុនទាំងនោះដើម្បីជាថ្នូរមិនឆែកឆេរ និងធ្វើការផាកពិន័យពេលដែលអ្នកបើកបរទាំងនោះបានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នោះ ។

បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា នៅក្នុងរយៈពេលប្រាំមួយខែឆ្នាំ២០១៨នេះប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យយានយន្តចំនួន៦៥៥.៣៣១គ្រឿងក្នុងនោះម៉ូតូចំនួន៥៧ភាគរយ ។

របាយការណ៍បានបន្តទៀតថា យានយន្តល្មើសច្បាប់មានចំនួន៩៦,៤៨០គ្រឿងស្មើ និង១៥ភាគរយនៃយានយន្តសរុប ហើយក្នុងនោះ៥០,៩៥២គ្រឿងស្មើ និង៥៣ភាគរយត្រូវបានផាក់ពិន័យដោយបានទឹកប្រាក់ចំនួនជាងមួយពាន់ពីររយលានរៀល ផងដែរក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ៕ តាឡឹម