ព័ត៌មានទាន់ហេតុការណ៍៖

នាយ ឆើត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយបាក់ឆ្អឹងជំនី៤ និងមានឈាមកកក្នុងខួរក្បាល

ភ្នំពេញ៖ តារាកំប្លែងលោក ពៅ គីសាន ហៅនាយ ឆើត បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិត១ឆ្អឹងជំនី៤ និងមានឈាមកកនៅក្នុងខួរក្បាល ។ ស្ថានភាពជំងឺនេះនៅតែជាក្តីព្រួយបារម្ភសម្រាប់ក្រុមគ្រួសារនៅឡើយ ខណៈដែលពេលនេះសមាគមសិល្បករខ្មែរ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA ជាអ្នករ៉ាប់រងផងដែរ ។

នាយ ឆើត ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។ តារាកំប្លែងរូបនេះរងគ្រោះថ្នាក់ចរាចរណ៍ក្រោយពីរ៉ឺម៉កម៉ូតូបុកពេញរហូតបណ្តាលឲ្យលោកបាក់ឆ្អឹងជំនី៤មានឈាមកកក្នុងក្បាល និងសភាពគួរឲ្យបារម្ភបើយោងតាមការរៀបរាប់ពីសាច់ញាតិ ។

លោក គីសាន់រ៉ៃយ៉ា កូនប្រុសរបស់លោកបានថ្លែងបញ្ជាក់ថាក្នុងពេលធ្វើដំណើរពីម្ដុំខេមកូស៊ីធីទៅផ្ទះនៅជិតបាសិតលោក ពៅ គីសាន់ ហៅនាយ ឆើត ក៏ជួបហេតុការណ៍ត្រូវរ៉ឺម៉កម៉ូតូបុកពីក្រោយ ។

លោកថា លោកឪពុកពេលនេះមានសភាពវង្វេងវង្វាន់ និងហូបអ្វីមិនបានដោយបានតែថ្នាំជាអ្នកជួយសង្គ្រោះសុទ្ធសាធ ។ ក្រៅពីជួបគ្រោះថ្នាក់នេះតារាកំប្លែងនាង ឆើត ក៏មានជំងឺប្រចាំកាយមួយចំនួនផងដែរ ។ ទោះជាយ៉ាងណាប្រធានសមាគមសិល្បករខ្មែរ ក៏បង្ហាញជំហរជួយរាល់ការចំណាយ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោTYDA ជាអ្នករ៉ាប់រងផងដែរ ។

យ៉ាងណា ស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះ នៅតែស្ថិតក្នុងស្ថានភាពដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ តាមដានពីស្ថានភាពជំងឺនៅឡើយផងដែរ ៕ វឌ្ឍនា