ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រមានផ្ទៃពោះ២ខែម្នាក់ឈរសុខៗស្រាប់តែដួលស្លាប់មិនដឹងមូលហេតុ

ខេត្តស្វាយរៀង៖ កម្មការិនីរោងចក្រម្នាក់ឈរសុខៗ ស្រាប់តែដួលស្លាប់នៅខាងមុខរោងចក្រ ក្រោយពីចេញធ្វើការ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីពេទ្យ ប៉ុន្តែអកុសលយឺតពេលទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅចំណុចមុខរោងចក្រជីភូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុង ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់កាសែតនគរវត្តឲ្យដឹងថា នារីដែលសង្ស័យខ្យល់គរមានឈ្មោះដាំ ណយ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃព្រឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈរូបនាងមានផ្ទៃពោះ២ខែមកហើយ ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុឃើញនារីរងគ្រោះឈរនៅមុខរោងចក្រ ខណៈដែលកម្មករ កម្មការិនីដទៃទៀតចេញពីធ្វើការជាច្រើន ស្រាប់តែឃើញនារីរងគ្រោះដួលលើដីបង្កការភ្ញាក់ផ្អើលតែម្ដង។

កម្មការិនីដែលឃើញហេតុការណ៍បានរាយការណ៍មកសន្តិសុខអន្តរាគមន៍យកទៅមន្ទីរពេទ្យ ប៉ុន្តែយឺតពេលទៅហើយមិនអាចសង្គ្រោះបាននោះទេ ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចជំនាញក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន