ព័ត៌មានទាន់ហេតុការណ៍៖

នារីបរទេសវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំ ដើរ​ជើងទទេ​​រវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីស្បែរសម្នាក់ ត្រូវបានគេប្រទះឃើញដើរ​ជើងទទេ​និយាយរវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យ​ដាច់​រលាតស្បែក​បាតជើងចេញឈាម បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ចកិច្ច​ ចុះទៅដឹកនារីរងគ្រោះទៅនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បីស្វែងរកអត្តសញ្ញាណរបស់គាត់ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៣ទៀបភ្លឺថ្ងៃ​អង្គារ​ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០១៨ ពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតដល់មុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញនារីបរទេសស្បែរសវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំ បានដើរ​ជើងទទេ​​រវើរវាយនិយាយម្នាក់ឯងកណ្ដាលផ្លូវ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ​ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់​ខណ្ឌ៧មករា បណ្ដាលឲ្យ​ដាច់​រលាតស្បែកបាតជើងចេញឈាម ។ ឃើញដូចនោះពួកគាត់ ក៏​រាយការណ៍ប្រាប់សមត្ថកិច្ច ខណៈពេលសមត្ថកិច្ចចុះ​មកដល់​ គាត់មិនអាចជួយអ្វីបាន​ ក្រៅពីជិះម៉ូតូ​តាមមើល​នាងដើររហូត​ដល់ស្ពានអាកាសក្បាលថ្នល់ រួចក៏​សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅថ្មី)។ ពេលនោះក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក៏បានចូលទៅលួងនាង ហើយ​បានទិញទឹកឲ្យ​ផឹក តែនាងមិនព្រមផឹក រួចក៏​បន្តរត់ទៅមុខផ្សារច្បារអំពៅ បង្កឲ្យមានការភ្ញាក់​​ផ្អើលដល់​ក្រុម​​អាជីវករ​ឈរមើលនាង ហើយ​នាងកាន់តែរត់ទៅទៀត រហូតជិតដល់ច្រាំងប្រាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ត្រូវបាន​ក្រុមអ្នកសារព័ត៌មានព្យាយាមលួងលោមនាងម្ដង​ទៀត តែនាងមិនស្តាប់​ ពេលនោះក៏​មាន​សមត្ថកិច្ចម្នាក់ មកដល់ ទើបក្រុមអ្នកសារព័ត៌មានសម្រេចសុំឲ្យ​សមត្ថកិច្ចដេញចាប់នាង ហើយយកខ្សែចងជើងសិន​ ព្រោះទៅមុខទៀតមានតែចុះទឹកទន្លេ​ តែនាងស្រែក​ឲ្យស្រាយ​ខ្សែចេញ​ ហើយក៏​អង្គុយមើលមុខគ្នា​ ទាំងអ្នកជួយចាប់​ ទាំងក្រុមអ្នកសារព័ត៌មាន​ និងនារីបរទេសនោះ​ ដោយសារតែហត់​រៀងៗខ្លួន​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីសាលាសង្កាត់ច្បារអំពៅ២ ​ បានហៅរ៉ឺម៉កម៉ូតូមក​ឲ្យ​ដឹកនារីរងគ្រោះទៅនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បីជួយដោះស្រាយបន្តតាមនីតិវិធី ៕ស តារា